20/12/21 11:49 AM
សម្រួលផ្សាយ៖សារ៉ន276
ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ បានដឹកនាំ មន្ត្រីរាជការស៊ីវិល កងកម្លាំង និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) ទៅដាំកូនឈើចម្រុះ (ដើមឬស្សី រាំងទឹក ត្នោត) ចំនួន ៤,១៦០ ដើម/គ្រាប់ នៅតាមព្រំប្រទល់ដីព្រៃលិចទឹកតំបន់៣ បឹងទន្លេសាប ចំណុចគោកខ្សាច់ ស្ថិតភូមិបត់ត្រង់ ឃុំប្រាសាទ ស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ដឹកនាំសកម្មភាពដោយឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងមន្ត្រីរាជការស៊ីវិល អាជ្ញាធរដែនដី សមត្ថកិច្ចនិងជំនាញស្ថាប័ន មន្ទីរ អង្គភាពនានា កងកម្លាំងប្រដាប់អាវុធ យុវជនសសយកចំនួន ៥៦០នាក់ ។
ការដាំកូនឈើចម្រុះនេះគឺនៅទីតាំងដែលរងការរុករានដុតទន្ទ្រាន ឈូសឆាយ ហ៊ុំព័ទ្ធយកជាកម្មសិទ្ធិខុសច្បាប់ ហើយធ្វើស្រែប្រាំង ស្រែវស្សា ដោយបុគ្គលជាឈ្មួញ ពលរដ្ឋនិងមន្ត្រីមួយចំនួន នាពេលកន្លងមក ។ ព្រោះថា ព្រៃលិចទឹកវាមានសារៈប្រយោជន៍ក៏ច្រើនដល់មច្ចាជាតិ សត្វ នឹងមនុស្ស។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖ នេះជាការអនុវត្តមួយលើបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាកម្ពុជា ដែលថ្លែងកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តទាំង៥ ជាប់តំបន់ទំនាបព្រៃលិចទឹកនិងបឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ ចំពោះការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប។
ពោលគឺថ្ងៃនេះ រដ្ឋបាលខេត្តបានចាប់ផ្តើមដាំកូនឈើចម្រុះនិងនៅទីតាំងដូចខាងលើ និងនៅសប្តាហ៍បន្តបន្ទាប់នឹងដាំនៅចំណុចព្រំប្រទល់ប្រវែង ៤០ គម លើដីតំបន់៣ បឹងទន្លេសាប កន្លែងផ្សេងទៀតក្នុងភូមិសាស្ត្រឃុំប្រាសាទ ឃុំភ្នំលៀបស្រុកព្រះនេត្រព្រះនិងនៅឃុំសំបួរស្រុកមង្គលបូរី ។លើកនេះ ថ្នាក់ដឹកនាំ មន្ត្រីនិងក្រុមការងារបានដាំដើមរាំងទឹកចំនួន ១,៣០០ ដើម ឬស្សីចំនួន ១,០៦០ ដើម និងត្នោតចំនួន ១,៨០០ គ្រាប់ ។
បន្ថែមលើនោះ ឯកឧត្តមអ៊ុំ រាត្រី បានលើកទឹកចិត្ត ក៏ដូចជាសំណូមពរដល់មន្ត្រី កងកម្លាំង ប្រជាពលរដ្ឋ មហាជនរួមទាំងអ្នករំលោភយកដីរដ្ឋតំបន់ព្រៃលិចទឹក ងាកមកនាំគ្នាដាំព្រៃលិចទឹកឡើងវិញ ។ ហើយដាច់ខាតមិនត្រូវលួចកាប់បំផ្លាញព្រៃទន្ទ្រាន យកដីជាថ្មីទៀតឡើយ ។ ពុំនោះទេនឹងត្រូវចាប់ខ្លួនមកផ្តន្ទារទោសតាមច្បាប់ មិនលើកលែងឡើយ ។ ហើយរដ្ឋបាលនិងសមត្ថកិច្ចសូមឲ្យធ្វើការបិទឬហាមឃាត់ទាំងស្រុងក្នុងការបង្កង្កើនផលស្រូវប្រាំងថ្មីលើដីតំបន់៣។ ប៉ុន្តែចំពោះស្រូវវស្សាដែលបានធ្វើរួចមក គឺអាចអនុញ្ញាតិអោយអ្នកធ្វើ បានប្រមូលផលមួយរដូវចុងក្រោយប៉ុណ្ណោះ ៕ ប្រភព៖ណុប-រក្សា(២៩០១៦)