20/12/21 16:04 PM
ហ្វីលីពីន៖ ប្រទេសហ្វីលីពីនដែលកំពុងរងនូវព្យុះទីហ្វុង Rai ដ៏កំណាច និងសាហាវគួរឲ្យខ្លាចនោះ គិតត្រឹមព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នេះ អ្នកស្លាប់កើនឡើងដល់ ២០៨ នាក់ហើយ ចំណែកឯអ្នករបួស ២៣៩ នាក់ ក្នុងនោះ ៥២ នាក់ទៀតបាត់ខ្លួនរកមិនទាន់ឃើញនៅឡើយ នេះបើយោងតាមសារព័ត៌មាន AFP នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១។
ផ្ទះប្រជាពលរដ្ឋជាច្រើនម៉ឺនខ្នងត្រូវបានបំភ្លេចបំផ្លាញ ដើមឈើនានាបានរលំរាយប៉ាយតាមដងផ្លូវ និងបង្គោលភ្លើងនានាក៏ត្រូវដួលរំលំស្ទើរតែគ្រប់បង្គោល។ ចំណែកឯតំបន់ខ្លះត្រូវបានទឹកជន់លិចដោយសារតែឥទ្ធិពលរបស់ព្យុះទីហ្វុង។ ដោយតំបន់មួយចំនួនរងគ្រោះធ្ងន់ធ្ងរជាងគេដោយសារតែព្យុះទីហ្វុងនោះគឺកោះបូហុល ដែលជាតំបន់ទេសចរណ៍ឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដោយនៅលើកោះនោះក៏មានឃើញមនុស្សស្លាប់រហូតដល់ ៧៤ នាក់ ផងដែរ។
លើសពីនេះទៅទៀតនោះប្រជាជនហ្វីលីពីនមិនក្រោម ៣០ ម៉ឺននាក់នោះទេ ត្រូវបានភៀសខ្លួនចេញពីលំនៅដ្ឋាន ពិសេសគឺតំបន់ដែលរងនូវខ្យល់ព្យុះបោកបក់ចង់ខ្លាំង ដែលបង្ខំឲ្យពួកគេចាកចេញពីលំនៅដ្ឋានដើម្បីទៅរកកន្លែងដែលមានសុវត្ថិភាព។ ក្នុងនោះដែរក៏មានការអន្តរាគមន៍ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដើម្បីធ្វើយ៉ាងណាជួយជម្លៀសប្រជាជនពីកន្លែងតំបន់ដែលគ្រោះថ្នាក់ខ្លាំងបំផុតទៅតំបន់ដែលរងនូវផលប៉ះពាល់តិចតួច។
គួររំលឹកផងដែរថា ប្រទេសហ្វីលីពីមួយឆ្នាំទៅមួយឆ្នាំតែងតែទទួលរងនូវព្យុះនានាពី ៧ ទៅ ៨ ដង។ ហើយកន្លងមកប្រទេសហ្វីលីពីនក៏ធ្លាប់ជួបនូវព្យុះទីហ្វុងដ៏កំណាចឈ្មោះថា ហៃយ៉ាន (Haiyan) ដែលជាព្យុះដ៏សាហាវ និងអាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រកាលពីឆ្នាំ២០១៣ ដែលបានបង្កឲ្យប្រជាជនហ្វីលីពីនជាង ៧,៣០០ នាក់ ស្លាប់ និងបាត់ខ្លួន៕ អត្ថបទ: ប្រសិទ្ធ