21/12/21 07:56 AM
ព័ត៌មានជាសំឡេង
បាត់ដំបង៖ អភិបាលខេត្តបាត់ដំបង ឯកឧត្ដមសុខ លូ បានធ្វើការណែនាំ និងក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅអមសង្ខាងដងផ្លូវនានា ទាំងនៅទីប្រជុំបទ និងតំបន់ជនបទ សូមជួយថែរក្សាផ្លូវ និងកុំរំលោភយកដីចំណីផ្លូវសាធារណៈ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ។
ឯកឧត្ដមបានបញ្ជាក់ថា ការរំលោភយកដីចំណីផ្លូវ គឺបម្រើតែផលប្រយោជន៍សម្រាប់តែបុគ្គលមួយប៉ុណ្ណោះ ដែលនាំដល់ការបំផ្លាញផលប្រយោជន៍រួមទាំងអស់ ជាពិសេសប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅ ទាំងការដឹកជញ្ជូនទំនិញ និងផលិតផលកសិកម្មផ្សេងៗទៀត ពិសេសអាចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវជាយថាហេតុផងដែរ ។
ឯកឧត្ដមអភិបាលខេត្តបាត់ដំបង បានថ្លែងនូវការលើកទឹកចិត្តចំពោះប្រជាពលរដ្ឋ ដែលរស់នៅអមសង្ខាងផ្លូវ ដែលបានចូលរួមបរិច្ចាកនូវកម្លាំងកាយ ក្នុងការបង្ខិតព្រំប្រទល់ដី និងការកាប់ដើមឈើមួយចំនួនទៀតនៅតាមព្រំរបងដី ដើម្បីជួយសម្រួលដល់ការស្ថាបនាសាងសង់ផ្លូវរបស់មន្ត្រីជំនាញ ដើម្បីជំរុញដល់ការងារបច្ចេកទេសឆាប់រួចរាល់ ក្នុងការឆ្លើយតបតាមតម្រូវការនៃការប្រើប្រាស់ជូនប្រជាពលរដ្ឋបាន ក្នុងពេលដ៏ខ្លីឆាប់ៗខាងមុខនេះ ។
ឯកឧត្ដម បានបង្ហាញពីមហិច្ឆតារបស់រដ្ឋបាលខេត្តបាត់ដំបង ដែលមានបំណងធ្វើការកែសម្រួលដងផ្លូវ ទាំងក្នុងទីប្រជុំជន និងនៅតាមជនបទនានា ដែលរងនូវការប៉ះពាល់ពីគ្រោះទឹកជំនន់នាពេលកន្លងមក ដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋបានប្រើប្រាស់ក្នុងការងារប្រកបរបរចិញ្ចឹមជីវភាពប្រចាំថ្ងៃ ក៏ដូចជាបានចូលរួមដល់ការកាត់បន្ថយនូវភាពក្រីក្ររបស់ពួកគាត់ឱ្យបានឆាប់នាពេលខាងមុខនេះផងដែរ ។
ការថ្លែងនូវការណែនាំ និងការអំពាវនាវរបស់អភិបាលខេត្តបាត់ដំបង យ៉ាងដូច្នេះនៅក្នុងឱកាស ដែលឯកឧត្តមសុខ លូ បានដឹកនាំមន្ត្រីតាមស្ថាប័នមន្ទីរនានា និងក្រុមការងារបច្ចេកទេសរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបាត់ដំបង ចុះពិនិត្យនិងវាយតម្លៃ ក្នុងការជួសជុល ពង្រីកដងផ្លូវ ដោយបានក្រាលកៅស៊ូ ប្រភេទ DBST លើផ្លូវលំជនបទ១ខ្សែ ដែលមានប្រវែង ៦៥០ម៉ែត្រ និងទទឹងប្រវែង៨ ម៉ែត្រ តភ្ជាប់ពីភូមិបោះពោធិ៍ ឃុំអូរដំបង១ និងភូមិកំពង់អំពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍ ដែលពួកគាត់បានស្នើសុំតាមរយៈអាជ្ញាធរមូលដ្ឋាន ដែលផ្លូវមួយខ្សែនេះធ្លាប់ទទួលរងនូវការខូចខាត ដោយជំនន់ទឹកភ្លៀងដងស្ទឹងសង្កែ នាពេលកន្លងមក ព្រោះផ្លូវមួយខ្សែនេះជាផ្លូវសម្រាប់តភ្ជាប់ពីសហគមន៍មួយទៅសហគមន៍មួយទៀតក្នុងភូមិ និងការភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចនៅថ្នាក់មូលដ្ឋានទៅតំបន់ទីប្រជុំជន និងពីទីប្រជុំជនមកថ្នាក់មូលដ្ឋានផងដែរ៕