សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ទទួលជែលលាងដៃចំនួន៧៤២កេស ជំនួយមនុស្សធម៌ពីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា


ត្រលប់ក្រោយ

21/12/21 08:05 AM

ចំនួនទស្សនា៖

339

ប្រភព៖

ប៉ៃលិន

ព័ត៌មានជាសំឡេង

ប៉ៃលិន ៖ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ កាកបាទក្រហមកម្ពុជាដែលមានហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានបន្តប្រគល់ជែលលាងដៃចំនួន ៧៤២កេស (ស្មើនឹង ១១,៨៤២ដប)ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន(ជាខេត្តទី១៧) អនុសាខា ស្រុក/ក្រុង ព្រមទាំងមន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាព ទាំង៧ ឃុំ/សង្កាត់ នៅក្នុងខេត្តប៉ៃលិន។  


ក្នុងឱកាសនៃពិធីប្រគល់-ទទួលនោះ លោកជំទាវ ហួន ច័ន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ថ្លែងអំណរគុណ និងកោតសរសើរចំពោះជួរ គណៈអភិបាល កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់នៃខេត្តប៉ៃលិន ក៏ដូចជាគណៈកិត្តិយស គណៈកម្មាធិការ មន្ត្រី បុគ្គលិក យុវជន និងអ្នកស្ម័គ្រចិត្តទាំងអស់នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ជាពិសេសក្រុមគ្រូពេទ្យជួរមុខទាំងអស់ ដែលបានលះបង់យ៉ាងធំធេង ក្នុងការចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។


ទន្ទឹមនឹងនេះ លោកជំទាវ ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទកាកបាទក្រហមកម្ពុជា ដែលតែងតែបានគាំទ្រដល់សម្មភាពមនុស្សធម៌របស់សាខា ជាពិសេស សម្តេច តែងតែទំនុបបំរុងជាថវិកា និងសម្ភារៈយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងការរួមចំណែកទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នាពេលកន្លងមក។



សូមបញ្ជាក់ថា ជែលលាងដៃទាំងអស់នេះ ជាអំណោយរបស់ ក្រុមហ៊ុន ហ័ន យ៉ា ហ៊ឺ ចុង (ខេមបូឌា) ត្រេឌីង ឯ.ក ដែលបានប្រគល់ជូន កាកបាទក្រហមកម្ពុជា ជំហានទី១ ចំនួន ១៦,២០០កេស (ស្មើនឹង ២៥៩,២០០ដប) កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ៕


dd
Bottom Ad