21/12/21 15:24 PM
ខេត្តប៉ៃលិន៖ ក្រោយពីតុលាការខេត្តប៉ៃលិន បានចេញដីកាកោះហៅឱ្យចូលទៅបំភ្លឺជិត១០ដង និងចេញដីការ សម្រេចឱ្យបង់ប្រាក់ចំនួន២៧លានរៀលទៀត ទើបបុរសជាកសិករម្នាក់ហួសចិត្ត ដោយចោទប្រកាន់ទៅបុរសម្នាក់ជាអាណិកជនរស់នៅសហរដ្ឋអាមេរិកថា បានប្រើកូនចៅឱ្យយកត្រាក់ទ័រទៅភ្ជួរបំផ្លាញដំណាំស្វាយកែវរមៀតរបស់ខ្លួន អស់ជាង៣០០ដើមហើយ ថែមទាំងដាក់ពាក្យប្តឹងទៅតុលាឱ្យចាត់ការមកលើខ្លួនទាំងភាពអយុត្តិធម៌ ខណ:ដីរបស់គាត់បានទិញពីម្ចាស់ដើម មានទាំងប្លង់រឹងកាន់កាប់ត្រឹមត្រូវនៅនឹងដៃផងដែរ។
កសិករម្នាក់ ដែលត្រូវបានបុរសជាអាណិកជនរស់នៅសហរដ្ឋអាមេរិកប្រើកូនចៅឱ្យយកត្រាក់ទ័រទៅភ្ជួរចូលដីចំការរបស់ខ្លួន មានឈ្មោះ គីម បូរីន ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិក្រចាប់លើ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ចំណែកបុរសជាអាណិកជន មាន ឈ្មោះ ថេត សម្បត្តិ ភេទប្រុស អាយុ៥០ឆ្នាំ ប្រពន្ធឈ្មោះ ដុំ ទូច មានទីលំនៅភូមិសន្សំកុសល១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ បច្ចុប្បន្ន រស់នៅសហរដ្ឋអាមេរិក។
បើតាមការរៀបរាប់ពីបុរសជាកសិករ ឈ្មោះ គីម បូរីន បានឱ្យដឹងទាំងហួសចិត្តថា៖ កាលពីឆ្នាំ២០១៤ គាត់បានទិញដីចំការមួយកន្លែងពីម្ចាស់ ឈ្មោះ ពិន ប៊ុន ភេទប្រុស អាយុ៥៩ឆ្នាំ មានទំហំ៥០,០០០ម៉ែត្រការ៉េ ស្មើនឹង៥ហិកតា។ លោកបន្តទៀតថា ក្រោយពីប្រគល់ប្រាក់ជូនម្ចាស់ដីរួចរាល់ ដោយមានសាក្សីមេភូមិ ចៅសង្កាត់ ទទួលស្គាល់ដឹងឮ រួចក៏ដាំពោត និងដំឡូងមី ជាបន្តបន្ទាប់ រហូតដល់ឆ្នាំ២០១៧ ខាងសុរិយោដីខេត្ត បានចុះធ្វើប្លង់ជាប្រព័ន្ធ រួចលោកក៏ដាំដើមស្វាយកែវរមៀតចំនួន១២៥០ដើម។ ស្រាប់តែនៅឆ្នាំ២០១៩ បុរសជាអាណិកជនខាងលើ បានដាក់ពាក្យបណ្តឹងទៅតុលាការខេត្តប៉ៃលិន ពីបទបំផ្លិចបំផ្លាញទុយោ និងដំណាំមៀនប៉ៃលិន ហៅតាង៉ែន ដែលកូនចៅរបស់គាត់បានទៅលួចថតនៅចំការអ្នកដទៃ ខណ:នៅក្នុងចំការរបស់លោកដែលបានភ្ជួរនោះ អត់មានដើមតាង៉ែននោះទេ ហើយតុលាការក៏កោះហៅទៅបំភ្លឺជាបន្តបន្ទាប់។ រហូតដល់ឆ្នាំ២០២០ ខណ:ដើមស្វាយកែវរមៀតរបស់ខ្លួន បានអាយុប្រហែល៤ទៅ៥ឆ្នាំ ស្រាប់តែបុរសខាងលើ បានបញ្ជាកូនចៅឱ្យយកតាក់ទ័រទៅលួចភ្ជួរបំផ្លិចបំផ្លាញដំណាំស្វាយក្នុងដីរបស់ខ្លួនជាប់នឹងព្រំដីរបស់គាត់អស់ជាង៣០០ដើម ហើយលោកក៏បានចុះទៅថតសកម្មភាពនេះ ថែមទាំងប្តឹងអាជ្ញាធរភូមិ សង្កាត់ និងខាងនគរបាលប៉ុស្តិ៍ឱ្យចុះពិនិត្យ និងកត់ត្រាទុកផងដែរ។ តែលោកមិនបានប្តឹងផ្តល់អ្វីនោះទេ ព្រោះយល់ថា ជាអ្នកជិតខាងនឹងគ្នា ស្រាប់តែក្រោយមកលោក ថេត សម្បត្តិ បានដាក់ពាក្យបណ្តឹងទៅតុលាការជាបន្តបន្ទាប់ រហូតដល់ កោះហៅឱ្យលោកចូលបំភ្លឺជិត១០ដង ហើយថែមទាំងកាត់ទោសកំបាំងមុខឱ្យបង់ប្រាក់២៧លានរៀលថែមទៀត។ ទើបក្រោយមកដោយឃើញភាព មិនប្រក្រតី របស់តុលាការខេត្តប៉ៃលិន ទើបលោកកើតទុក្ខមិនសុខចិត្ត ក៏ដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍ ដើម្បីឱ្យជួយរកយុត្តិធម៌។
លោកបញ្ជាក់ថា៖ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ខាងមុខឆាប់ៗនេះ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តប៉ៃលិន ឈ្មោះ គឹម ម៉េង បានចេញដីកាកោះហៅឱ្យលោកចូលខ្លួនបំភ្លឺបន្តទៀតហើយ ដោយរវល់នឹងបញ្ហាមួយនេះ គ្មានពេលធ្វើការរកស៊ីអ្វីនោះទេ ខណ:បុរសជាអាណិកជនរស់នៅអាមេរិកឱ្យកូនចៅយកត្រាក់ទ័រទៅភ្ជួរបំផ្លាញដំណាំរបស់ខ្លួនហើយ ថែមទាំងប្តឹងខ្លួនថែមទៀត។
លោកបន្ថែមទៀតថា បុរសអានិកជនខាងលើ មានដីនៅព្រំដែនខេត្តប៉ៃលិន មានទំនាស់ជាមួយនឹងម្ចាស់ដីគេដែរ ហើយមានដីនៅស្រុកសំឡូត ខេត្តបាត់ដំបង ក៏មានទំនាស់ជាមួយគេគ្រប់កន្លែង ការប្តឹងផ្តល់ជាមួយអ្នកជាប់ព្រំដីជាមួយដែរ។
លោកក៏បានលើកដៃទទូចអង្វរដល់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឱ្យពិនិត្យមើលសំណុំរឿងរបស់ខ្លួន និងជួយរកយុត្តិធម៌ជូនលោកផងដែរ ខណ:ដែលលោកជាកសិករស្លូតត្រង់ម្នាក់ មិនបានរំលោភយកដីរបស់គេ ដូចពាក្យប្តឹងចោទប្រកាន់នោះទេ។ ម្យ៉ាងវិញទៀត លោកក៏មានការព្រួយបារម្ភជាច្រើនដែរ ព្រោះគេជាអាណិកជន មានលុយច្រើន បើតតាំងក្រែងតែមិនឈ្នះគេ ដោយលោកគិតថា ជួនកាលអស់ដីខ្លួនហើយ បែរជាត្រូវជាប់គុកថែមទៀត ពិតជាលំបាកចិត្តខ្លាំងណាស់។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក ថេត សម្បត្តិ ដែលជាអាណិកជនរស់នៅសហរដ្ឋអាមេរិក បានឱ្យដឹងតាមតេលេក្រាមថា ៖ បុរសជាកសិករខាងលើមិនបាច់ប្រឹងតតាំងជាមួយខ្លួននោះឡើយ បើចង់ឱ្យរឿងរ៉ាវខាងលើឆាប់ចប់ មានតែប្រគល់ដីទំនាស់ទាំងនោះឱ្យទៅលោកតាមសម្រួលប៉ុណ្ណោះ ព្រោះខាងលោកនឹងបន្តប្តឹងបន្ថែមទៀត ហើយធ្វើអ្វីក៏មិនឈ្នះលោកឡើយ៕