ប្រជាពលរដ្ឋព្រួយបារម្ភ ខណៈរថយន្តក្រឡុកស៊ីម៉ង់តិ៍ចាស់ដាច់ហ្វ្រាំងរអិលជ្រុលទៅបុកដើមអំពិលទឹកបារាំង (ចាន់ការី) ពេញទំហឹង បណ្តាលឱ្យអ្នកបើកបររងរបួសបាក់ដៃម្ខាង


ត្រលប់ក្រោយ

22/12/21 09:18 AM

ចំនួនទស្សនា៖

637

ប្រភព៖

ប៉ៃលិន

ព័ត៌មានជាសំឡេង

ខេត្តប៉ៃលិន៖ ប្រជាពលរដ្ឋនៅក្នុងក្រុងប៉ៃលិនមានការព្រួយបារម្ភចំពោះសុវត្ថិភាព ខណៈឃើញបុរសម្នាក់រងរបួសបាក់កដៃឆ្វេង ត្រូវបានគេដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដោយបើករថយន្តក្រឡុកស៊ីម៉ងតិ៍ចាស់១គ្រឿង ដែលមានស៊ីម៉ង់តិ៍ពេញទ្រុង បម្រុងនឹងចាក់បេតុងផ្លូវ១ខ្សែ ស្រាប់តែដាច់ហ្វ្រាំងរអិលចុះចំណោតជ្រុលទៅបុកដើមអំពិលទឹកបារាំង(ចាន់ការី) ចំពីមុខពេញទំហឹងបណ្តាលឱ្យខ្ទេចផ្នែកខាងមុខទាំងស្រុង។  


ហេតុការណ៍រថយន្តក្រឡុកស៊ីម៉ង់តិ៍ដាច់ហ្វ្រាំងជ្រុលទៅបុកដើមឈើនេះ បានកើតឡើងនៅវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។


ប្រភពព័ត៌មានបានឱ្យដឹងថា អ្នកបើកបររថយន្តមានឈ្មោះ ប្រុស អាយុ២៥ឆ្នាំ រងរបួសបាក់កដៃឆ្វេង រស់នៅក្នុងក្រុងប៉ៃលិន ដោយបើកបររថយន្តក្រឡុកស៊ីម៉ង់តិ៍របស់ក្រុមហ៊ុនមួយគ្មានផ្លាកលេខ ទទួលរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។


ប្រភពបន្តទៀតថា មុនពេលកើតហេតុ គេបានរៀបចំចាក់បេតុងផ្លូវមួយខ្សែនៅខាងក្រោយមន្ទីរពេទ្យបង្អែកខេត្ត ក្នុងភូមិខាងលើ លុះទើបតែធ្វើបាន១ចំហៀង ក្រុមការងារនាំគ្នាបន្តរែងដែកធ្វើក្រឡាសំណាញ់ ដោយលាយស៊ីម៉ង់តិ៍រួចរាល់ បម្រុងនឹងចាក់បេតុងបន្តទៀត ស្រាប់តែរថយន្តខាងលើដាច់ហ្វ្រាំងជាន់មិនស៊ី បណ្តាលឱ្យរអិលជ្រុលចង្កូតចុះចំណោត ក្នុងទិសដៅពីលិចទៅកើត ទៅបុកនឹងដើមឈើពេញទំហឹង បណ្តាលឱ្យអ្នកបើកបររងរបួសបាក់កដៃឆ្វេង រីឯរថយន្តរងការខូចខាតផ្នែកខាងមុខទាំងស្រុង។

ចំណែកស៊ីម៉ង់តិ៍ ដែលបានលាយរួចរាល់ ត្រូវបានគេបើកគម្របទ្រុង ចូកយកចេញ ដើម្បីកុំឱ្យរឹងខូចទ្រុងរថយន្តផ្នែកខាងក្រោយ៕




dd
Bottom Ad