23/12/21 09:18 AM
ព័ត៌មានជាសំឡេង
បាត់ដំបង៖ អភិបាលខេត្តបាត់ដំបង ឯកឧត្ដម សុខ លូ បានក្រើនរំលឹក និងអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ សូមឲ្យមានការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ ខណៈការឆ្លងសហគមន៍ ២០កុម្ភៈ ត្រូវបានបិទបញ្ចប់ តែវីរុសបំប្លែងថ្មី Omicrong ត្រូវបានកម្ពុជារកឃើញអ្នកដំណើរមកពីបរទេសមានចំនួន៤ករណី ក្នុងនោះត្រូវចូលរួមអនុវត្តនូវវិធានការសុវត្ថិភាព ៣កុំ ៣ការពារ បន្តទៀត ដើម្បីកុំឲ្យមានការឆ្លងជំងឺកូវីដ-១៩ សម្រាប់បុគ្គលខ្លួនឯង គ្រួសារ និងសង្គមជាតិយើង ទោះបីបានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ បានពេញលេញ ឬដូសទី៣ក៏ដោយ ហើយត្រូវចងចាំថា យើងអាចភ្លេចកូវីដ-១៩បាន តែកូវីដ-១៩ មិនអាចភ្លេចយើងទេ បើមានការធ្វេសប្រហែសមិនបានអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួននោះទេ។
ការក្រើនរំលឹករបស់ ឯកឧត្ដមអភិបាលខេត្តបាត់ដំបង យ៉ាងដូច្នេះ បានធ្វើឡើងក្នុងពេលដែលអាជ្ញាធរខេត្តបាត់ដំបង សហការជាមួយមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងបាត់ដំបង បានបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ (Boosting Dose) ប្រភេទម៉ូឌែណារបស់សហរដ្ឋអាមេរិក តាមរយៈអង្គការកូវ៉ាក់ ដោយឥតគិតថ្លៃ ប្រគេន និងជូនដល់ព្រះសង្ឃ តាជីដូនជី ជិត១០០០អង្គ/នាក់ ដែលបាននិមន្ត និងអញ្ជើញមកពីវត្ត និងអាស្រមទាំង៣២ ក្នុងក្រុងបាត់ដំបង នៅបរិវេណវត្តដំរីស ស្ថិតក្នុងសង្កាត់ស្វាយប៉ោ ក្រុងនិងខេត្តបាត់ដំបង នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។
ឯកឧត្ដម សុខ លូ បានបញ្ជាក់ថា ទោះបីបានចាក់វ៉ាក់សាំងកូវីដ-១៩ បានពេញលេញ ឬដូសជំរុញ ហៅថាដូសទី៣ក៏ដោយ ក៏វិធានការសុវត្ថិភាព ៣កុំ ៣ការពារ នៅតែមានតម្លៃ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ខណៈមេរោគបំប្លែងខ្លួនថ្មី Omicrong កំពុងតែបានក្លាយទៅជាប្រធានបទដ៏សំខាន់ដែលពិភពលោកកំពុងតែមានការព្រួយបារម្ភអំពីការឆ្លងដ៏លឿនបំផុតរបស់វីរុសបំប្លែងថ្មីនេះ ស្របពេលដែលប្រទេសកម្ពុជា បានរកឃើញករណីឆ្លងរបស់ Omicrong មានចំនួន៤ករណីហើយ ហើយទាមទារឲ្យយើងទាំងអស់គ្នា ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ។
ឯកឧត្ដម បានអំពាវនាវដល់ព្រះសង្ឃ ដែលមិនទាន់បាននិមន្តមកទទួលវ៉ាក់សាំងកូវីដ-១៩ នាថ្ងៃនេះ ក៏អាចនិមន្តទៅទទួលនៅតាមមណ្ឌលចាក់វ៉ាក់សាំងកូវីដ-១៩ ទាំង៣ក្នុងក្រុងបាត់ដំបង គឺមាននៅ មណ្ឌលចាក់វ៉ាក់សាំងកូវីដ-១៩ ផ្សារទំនើប ភួ ពុយ មណ្ឌលសុខភាពចំការសំរោង និងមណ្ឌលចាក់វ៉ាក់សាំងកូវីដ-១៩ បុរីរំចេក ។
ក្រៅពីនោះ ឯកឧត្ដមអភិបាលខេត្តបាត់ដំបង បានសំណូមពរដល់ព្រះសង្ឃឱ្យជួយផ្សព្វផ្សាយបន្តដល់ប្រជាពុទ្ធបរិស័ទតាមរយៈការទេសនា ការយល់ដឹងពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ គ្រឿងញៀន និងបញ្ហាផ្សេងៗទៀត ជាពិសេសជួយជំរុញដល់ប្រជាពលរដ្ឋឱ្យទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា និងបានអំពាវនាវបន្តទៀតដល់ប្រជាពលរដ្ឋទាំងអស់ឱ្យមកទទួលចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ឱ្យបានគ្រប់ៗគ្នា ឬក៏មិនទាន់បានទទួលដូសទី១ទេ ក៏អាចមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ បានផងដែរ៕