ឯកឧត្ដម សុខ លូ ៖ សំណង់ស្ទាក់ទឹកទាំងឡាយ ត្រូវធ្វេីអោយត្រឹមត្រូវ តាមបទដ្ឋានលក្ខណៈបច្ចេកទេស សំដៅដើម្បីប្រើប្រាស់បានយូរអង្វែង


ត្រលប់ក្រោយ

23/12/21 09:28 AM

ចំនួនទស្សនា៖

283

ប្រភព៖

បាត់ដំបង

ព័ត៌មានជាសំឡេង

បាត់ដំបង៖ នៅក្នុងឱកាសនៃការចុះពិនិត្យ និងវាយតម្លៃលើគម្រោងសាងសង់សំណង់ស្ទាក់ទឹក១កន្លែង ស្ថិតនៅភូមិម្នាស់កាល់ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង ដែលកំពុងបន្តការងារសាងសង់ជួសជុលឡើងវិញ បន្ទាប់ពីបានរងនូវការខូចខាតដោយសារជំនន់ទឹកភ្លៀងកន្លងមកថ្មីៗនោះ អភិបាលខេត្តបាត់ដំបង ឯកឧត្ដម សុខ លូ បានណែនាំ និងជំរុញលើកទឹកចិត្តដល់ក្រុមការងារបច្ចេកទេស ក្នុងការពន្លឿនលើការងារជួសជុលសំណង់ស្ទាក់ទឹកមួយកន្លែងនេះឲ្យបានឆាប់រួចរាល់ ដើម្បីដាក់ជូនប្រជាពលរដ្ឋបានប្រើប្រាស់ ក្នុងការស្រោចស្រពដំណាំកសិកម្មរបស់ពួកគាត់បានគ្រប់គ្រាន់ ។ 


ឯកឧត្ដមបានបញ្ជាក់ថា ស្របពេលដែលតម្រូវការចាំបាច់នានាក្នុងមូលដ្ឋានដូចជាទឹកសម្រាប់ធ្វើការស្រោចស្រពដំណាំកសិកម្មរបស់ប្រជាកសិករនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងពាក់ព័ន្ធនានាបានខិតខំយកចិត្តទុកដាក់ ក្នុងការដោះស្រាយជាបន្តបន្ទាប់ ដែលទាំងអស់នេះ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការពង្រឹងនិងពង្រីកលើវិស័យសេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ដែលបានប្រកបរបរក្នុងវិស័យកសិកម្មមានការរីកចម្រើន។


ក្នុងនោះ ឯកឧត្ដម អភិបាលខេត្តបាត់ដំបង បានផ្តាំផ្ញើរដល់មន្ត្រីជំនាញបច្ចេកទេសរបស់មន្ទីរធនធានទឹក និងឧត្តុនិយមខេត្តបាត់ដំបង ឲ្យយកចិត្តទុកដាក់ពិនិត្យមើលការងារសាងសង់សំណង់ស្ទាក់ទឹកនេះឲ្យសមស្របទៅតាមបទដ្ឋានលក្ខណៈបច្ចេកទេស ដើម្បីឲ្យសំណង់ស្ទាក់ទឹកនេះមានគុណភាពល្អ ដើម្បីប្រើប្រាស់បានយូរអង្វែង។


សូមបញ្ជាក់ថា សំណង់ស្ទាក់ទឹកនេះ គឺជាសមិទ្ធផលថ្មីដំបូងបំផុតសម្រាប់ស្រុកនៅជាប់បណ្តោយព្រំដែននៃប្រទេសកម្ពុជា ជាពិសេសអ្នកស្រុកកំរៀង ទទួលបានសំណង់ស្ទាក់ទឹកនេះពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងធនធានទឹក និងឧតុនិយម ដើម្បីផ្តល់នូវភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការទាញយកទឹកមកប្រើប្រាស់លើការងារស្រោចស្រពដំណាំកសិកម្មរបស់ខ្លួន ដើម្បីបង្កើននូវប្រាក់ចំណូលប្រចាំគ្រួសារគាត់ អាចកាត់បន្ថយបាននូវការធ្វើចំណាកស្រុកទៅរកការងារធ្វើនៅក្រៅប្រទេសផងដែរ ។


ចំពោះដំណើរការនៃការសាងសង់ឡើងវិញបានចាប់ផ្ដើមពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២២ ហើយទំនប់ស្ទាក់ទឹកនេះអាចផ្ទុកទឹកបានប្រមាណ៤លានម៉ែត្រគូប អាចបម្រើដល់ប្រជាពលរដ្ឋ ចំនួន៨ភូមិ ក្នុងឃុំតាក្រីនៃស្រុកកំរៀង និងអាចស្រោចស្រពលើផ្ទៃដីរដូវវស្សាបានជាង ២០០០ ហ.ត ផ្ទៃដីនារដូវប្រាំងបាន ៣៦០ ហ.ត និងអាចស្រោចស្រពលើផ្ទៃដីដំណាំរួមផ្សំបាន៤៧០ ហ.តផងដែរ៕




dd
Bottom Ad