23/12/21 10:44 AM
ព័ត៌មានជាសំឡេង
សម្រួលដោយ៖SR276
ខេត្តស្វាយរៀង៖ កាលពីទី២២ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ ឯក សុវណ្ណភារៈ អភិបាលរងខេត្ត និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ បានអញ្ជើញក្នុងពិធីអបអរសាទរទិវាជាតិលើកទី១៥ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២១ លើកទី១៥ ក្រោមប្រធានបទ "កុំយកកូវីដ-១៩ ធ្វើជាឳកាសប្រព្រឹត្តអំពើជួញដូរមនុស្ស" ដែលពិធីនេះប្រារពធ្វើឡើងនៅវិទ្យាល័យ ហ៊ុន សែន ប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
នៅក្នុងឱកាសនោះលោកជំទាវ ឯក សុវណ្ណភារៈ បានមានប្រសាសន៍ថា៖ ការប្រារព្ធទិវាជាតិលើកទី១៥ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២១ ក្រោមប្រធានបទ “កុំយកកូវីដ ១៩ ធ្វើជាឳកាសជួញដូរមនុស្ស” គឺក្នុងគោលបំណងបញ្ជាក់ជូនជនរួមជាតិ និងសហគមន៍អន្តរជាតិឱ្យបានជ្រាបថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តយកចិត្តទុកដាក់កាន់តែខ្លាំងក្លាក្នុងការការពារប្រជាពលរដ្ឋ និងប្រទេសជាតិពីភាពរងគ្រោះទាំងឡាយ ដោយអំពើឧក្រឹដ្ឋកម្មជួញដូរមនុស្ស ដែលបង្កឱ្យមានវិនាសកម្មជាថ្មីដល់មនុស្សជាតិ ហើយបាននិងកំពុងក្លាយជាទាសភាពសម័យទំនើបគួរឱ្យភ័យខ្លាចនិងស្អប់ខ្ពើម ។ ហើយយុទ្ធនាការនេះ នឹងបន្តធ្វើយ៉ាងគគ្រឹកគគ្រេងតាមបណ្តាក្រុង-ស្រុក និងតាមប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីបញ្ជ្រាបការយល់ដឹងទៅដល់ប្រជាពលរដ្ឋនៅទូទាំងខេត្ត។
លោកជំទាវក៏បានមានប្រសាសន៍បន្តទៀតថា៖ អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ គឺជាបរិបទសាកល ដែលនៅតែបន្តកើតមានអាស្រ័យកត្តាសំខាន់៣គឺ÷ ការអប់រំសង្គម, ការអនុវត្តច្បាប់, និងការឆក់ឱកាសពីជនល្មើស។ រូបភាពនៃអំពើជួញដូរមនុស្ស មិនត្រឹមតែជាការជួញដូរ ឬកេងប្រវ័ញ្ចកម្លាំងពលកម្ម និងផ្លូវភេទតែប៉ុណ្ណោះទេ តែក្នុងឆ្នាំកន្លងទៅក៏មានលេចចេញនូវបាតុភាពមួយចំនួន ដែលមានទំនោរទៅរកអំពើជួញដូរសរីរាង្គ និងបទល្មើសរត់ពន្ធឬជួញដូរទារកឆ្លងដែនដែលហៅថាបទអន្តរការីនៃអំពើពពោះជំនួស។ ហើយនេះជាកង្វល់ ដែលគណៈកម្មាធិកាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សចាំបាច់ ត្រូវដាក់វិធានការសើបអង្កេត ស្រាវជ្រាវ ដើម្បីជៀសវាងការរីកដុះដាលនៃបទល្មើស ដែលនាំឲ្យបង្កគ្រោះថ្នាក់កាន់តែច្រើនឡើងដល់ជីវិតមនុស្ស ។
លោកជំទាវ បានមានប្រសាសន៍បន្ថែមទៀតថា៖ ការធ្វើទេសន្តរប្រវេសន៍ គឺជាជម្រើសរបស់ប្រជាពលរដ្ឋ ដែលមិនអាចហាមឃាត់បាន ហើយក៏មិនមែនសុទ្ធតែជាហានិភ័យដែលគួរជៀសវាងទាំងស្រុងដែរ ។ ហើយគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺផ្តល់ឱកាសជូនប្រជាពលរដ្ឋក្នុងការរកការងារ បង្កើនប្រាក់ចំណូល ទាំងនៅក្នុងស្រុក និងនៅក្រៅប្រទេសហើយពលករមួយចំនួនធំបានទទួលកំរៃល្អ និងអាចលើកកម្ពស់ជីវភាពតាមការរំពឹងទុក និងទទួលបាននូវជំនាញបច្ចេកទេសកាន់តែប្រសើរគួរឲ្យមោទនៈ។
ប៉ុន្តែអ្វីដែលជាការបារម្ភនោះ គឺការធ្វើទេសន្តរប្រវេសន៍ដោយប្រថុយប្រថាន មិនមានការធានាផ្នែកផ្លូវច្បាប់ និងមិនមានការគ្រប់គ្រងច្បាស់លាស់ ដែលនាំឱ្យប្រឈមនឹងហានិភ័យដោយអំពើកេងប្រវ័ញ្ច និងជួញដូរមនុស្សផងដែរ៕