23/12/21 14:41 PM
ព័ត៌មានជាសំឡេង
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានមានប្រសាសន៍ទទួលស្គាល់ថា ប៉ូលីសចរាចរណ៍ ពិតជាមានភាពលំបាក ដោយសារពួកគាត់ធ្វើការទាំងយប់ ទាំងថ្ងៃ ហើយហាលភ្លៀង ហាលក្តៅ ទោះបីប្ដូរវេនគ្នាក៏ដោយ ហើយមានភាពតស៊ូ។
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បញ្ជាក់បន្តថា «ប៉ូលីសចរាចរណ៍ គ្នាពិបាកណាស់ ហើយប៉ូលីសចរាចរណ៍ហ្នឹងមែនទែនទៅ គឺធ្វើការទាំងយប់ និងទាំងថ្ងៃ នៅប្រចាំការ ភ្លៀងផងក៏នៅនឹង ពេលក្ដៅក៏នៅនឹង ហើយមានអ្នកប្ដូរវេន ហើយពេលខ្លះវេនយប់ ចឹងទៅ អ្នកខ្លះក្រោកពីព្រលឹមឃើញថា តស៊ូ»។
សម្ដេចក្រហោម ស ខេង មានប្រសាសន៍ទទួលស្គាល់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៦ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម។
សម្ដេចក្រឡាហោម បានបញ្ជាក់ថា កត្តាផ្លូវខ្វះផ្លាកសញ្ញា គំនូសសញ្ញា នៅតាមដងផ្លូវជាតិ និងផ្លូវជនបទ បានបង្កជាការលំបាកដល់ការបើកយានយន្ដ បញ្ហាទាំងនេះដោយសារតែខ្វះថវិកា ប៉ុន្ដែទោះបីយ៉ាងណាក៏ដោយ ត្រូវដោះស្រាយ ហើយកិច្ចការនៅសេសសល់ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជា រដ្ឋបាលរាជធានី-ខេត្ត ខិតខំបន្ដទៀត ពីព្រោះបញ្ហានឹងជាចំណុចមួយសំខាន់ផងដែរ។
សម្ដេចក្រឡាហោម បានពន្យល់បន្ថែមថា បើនៅតាមដងផ្លូវអត់មានផ្លាកសញ្ញា នៅពេលប៉ូលីសចរាចរណ៍ទៅចាប់ គេសួរថា មានអ្វីជាសម្អាងមកឃាត់ខ្ញុំ ពីព្រោះផ្លូវនឹងអត់ស្លាកសញ្ញាផង។ សម្ដេចក្រឡាហោម ក៏បានស្នើដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យនឹងជំរុញការងារបន្ដទៀត ក្នុងការដាក់ផ្លាកសញ្ញាចរាចរណ៍ និងគំនូសសញ្ញាចរាចរណ៍បន្ថែមទៀត៕ ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា