ក្រុមហ៊ុនជប៉ុនចំនួន២ ដាក់ទុនវិនិយោគលើធនធានក្នុងស្រុក និងការផ្តល់ឱកាសការងារដល់ពលរដ្ឋនៅតំបន់ព្រំដែន


ត្រលប់ក្រោយ

24/12/21 08:26 AM

ចំនួនទស្សនា៖

485

ប្រភព៖

បាត់ដំបង

ព័ត៌មានជាសំឡេង

បាត់ដំបង៖ បាត់ដំបង ជាខេត្តមួយក្នុងចំណោមខេត្ត-រាជធានី ស្ថិតនៅតំបន់ពាយ័ព្យទិសនៃព្រះរាជាណាចក្រកម្ពុជា មានព្រំប្រទល់ជាប់នឹងព្រះរាជាណាចក្រថៃ ឈរលើសត្តានុពលធនធានរបស់ខេត្តបាត់ដំបង ដែលមានស្រាប់ ទើបធ្វើឱ្យវិនិយោគិននៃក្រុមហ៊ុនចំនួន២របស់ប្រទេសជប៉ុន ទី១គឺក្រុមហ៊ុន គិន សេ ខេមបូឌា ខូអិលធីឌី បានដាក់ទុនវិនិយោគ ក្នុងការបង្កើតរោងចក្រកែឆ្នៃក្រដាស មានទីតាំងស្ថិតនៅភូមិបឹងរាំង ឃុំបឹងរាំង និងទី២គឺក្រុមហ៊ុន ខ្មែរយ៉ូរីយូ ខូអិលធីឌី ផលិតសុរាខ្មែរ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង បាននឹងកំពុងដំណើរការលើខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន ដើម្បីបង្កើតបាននូវទីផ្សារការងារ ក្នុងការបង្កើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ។ 


នៅក្នុងឱកាសនៃការដឹកនាំមន្ត្រីជំនាញតាមស្ថាប័ន និងមន្ទីរនានាក្នុងខេត្ត ដើម្បីពិនិត្យនិងវាយតម្លៃលើរោងចក្រទាំង២កន្លែងនេះ អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានបញ្ជាក់ថា ជប៉ុនគឺជាប្រទេសដៃគូអភិវឌ្ឍន៍មួយរបស់ប្រទេសកម្ពុជា ដែលបានជួយអភិវឌ្ឍន៍ប្រទេសមានការវិឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់ ជាពិសេសលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិ មានដូចជា ផ្លូវ ស្ពាន សាលារៀន និងមន្ទីរពេទ្យជាដើម ដោយឡែកក្រុមហ៊ុនរបស់ប្រទេសជប៉ុន ដែលកំពុងតែដំណើរការនៅលើទឹកដីនៃស្រុកកំរៀង នាពេលនេះ គឺបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋបានមួយផ្នែកផងដែរ ។


ឯកឧត្តម អភិបាលខេត្តបាត់ដំបង បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនរបស់ប្រទេសជប៉ុន ដែលបានចូលរួមលើកកម្ពស់ដល់វិស័យសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋនៅខេត្តបាត់ដំបង ជាពិសេសបាននឹងកំពុងតែផ្តល់ និងបង្កើតការងារជួយដល់យុវជន យុវនារី ក្នុងស្រុកកំរៀង មួយចំនួនឲ្យមានការងារធ្វើ បង្កើនបានប្រាក់កម្រៃបន្ថែម ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ មានភាពធូរធាថែមមួយកម្រិតទៀត ។


ឯកឧត្តម សុខ លូ បានសំដែងនូវការកោតសរសើរចំពោះក្រុមហ៊ុនទាំង២របស់ជប៉ុន ដែលបានជ្រើសរើសយកទីតាំងនៅស្រុកកំរៀង ក្នុងការអភិវឌ្ឍកំណើនសេដ្ឋកិច្ចរបស់ប្រជាជននៅតំបន់ព្រំដែន តាមរយៈការបង្កើតទីផ្សារការងារជូនពលរដ្ឋ និងយុវជន។


អ្វីដែលសំខាន់គឺការយកវត្ថុធាតុដើមក្នុងស្រុកដែលមានស្រាប់មកកែច្នៃជាក្រដាស និងការផលិតស្រោមសំបុត្រ ក្រូណូខ្មែរ ព្រមទាំងសុរាខ្មែរផលិតពីដំឡូងមី ដែលជាកសិផលរបស់ប្រជាកសិករដាំដុះបាន ដើម្បីចូលរួមចំណែកដល់ការលើកកម្ពស់ផលិតផលកសិផលក្នុងស្រុកផងដែរ៕




dd
Bottom Ad