24/12/21 08:33 AM
ព័ត៌មានជាសំឡេង
បាត់ដំបង៖ នៅចំពោះមុខអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិនៃស្រុក-ក្រុង ទាំង១៤ របស់ខេត្តបាត់ដំបង ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់ទិសដៅផែនការ ដើម្បីពង្រឹងការងាររបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធិភាព ក្នុងការបម្រើប្រជាពលរដ្ឋបានគ្រប់ជ្រុងជ្រោយ តាំងពីទីប្រជុំជន ដល់តំបន់ជនបទ។
ឯកឧត្តម អភិបាលខេត្តបាត់ដំបង បានណែនាំបន្ថែមអំពីកិច្ចការសំខាន់ៗ ដែលត្រូវអនុវត្តនៅថ្នាក់មូលដ្ឋាន ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ គឺត្រូវពង្រឹងការខិតខំប្រឹងប្រែងរបស់ខ្លួនបន្តទៀត ពិសេសលើការងារពង្រឹងផ្នែកគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ផ្នែកចរាចរណ៍សាធារណៈ ឲ្យកាន់តែមានប្រសិទ្ធិភាពជាងមុន ក្នុងន័យពង្រឹងដល់សុវត្ថិភាពសាធារណៈជូនប្រជាពលរដ្ឋ កាត់បន្ថយអាត្រាគ្រោះថ្នាក់ចរាចរណ៍ និងអាត្រាការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ។
ឯកឧត្តម បានបានលើកទឹកចិត្តដល់រដ្ឋបាលក្រុងស្រុក ទាំង១៤ រៀបចំវេទិការសាធារណៈទៅតាមលទ្ធភាពជាក់ស្ដែង មិនថាតូចក្ដី ធំក្ដី នៅតាមភូមិ ឃុំរបស់ខ្លួន ដើម្បីពង្រឹងការដោះស្រាយជូនប្រជាពលរដ្ឋ តាមបែបក្រៅប្រព័ន្ធតុលាការ ។
ព្រមជាមួយគ្នានោះ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានណែនាំបន្ថែមឲ្យបន្តពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់អង្គភាព ស្ថាប័ន មានសមត្ថកិច្ច ពាក់ព័ន្ធ ដើម្បីបង្ការទប់ស្កាត់ ការទន្ទ្រានដីព្រៃ ជលផល តំបន់ការពារធនធានធម្មេជាតិ ដែលស្ថិតក្នុងតំបន់អភិរក្ស ពិសេសបន្តអនុវត្តតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្ក្រាបការទន្ទ្រានដីព្រៃលិចទឹកតំបន់៣ ដើម្បីដកហូតយកមកជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋវិញ។
ឯកឧត្តម អភិបាលខេត្តបាត់ដំបង បានបន្តថា រដ្ឋបាលក្រុង ស្រុក ត្រូវបន្តការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសទី ៣ ឲ្យបានគ្រប់ៗគ្នា នៅតាមមណ្ឌលចាក់វ៉ាក់សាំង ដែលរដ្ឋបាលក្រុង ស្រុកបានរៀបចំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩បំប្លែងថ្មី ជាពិសេសវីរុសកូវីដ-១៩ Omicrong ដែលកំពុងតែរីករាលដាលយ៉ាងឆាប់រហ័សនៅបណ្ដាប្រទេសមួយចំនួន ក្នុងពិភពលោក៕