27/12/21 10:56 AM
(ស្វាយរៀង)៖ នាព្រឹកថ្ងៃអាទិត្យ ទី២៦ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាកសាងសាលារៀន ១ខ្នង ៤បន្ទប់ ស្ថិតនៅក្នុងបឋមសិក្សាពោធិ៍ធំ ភូមិព្រៃតាពៅ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
គម្រោងសាងសង់អគារនេះលើទីធ្លាដែលមានទំហំ ៩ម៉ែត្រ x ៣២ម៉ែត្រ ធ្វើពីបេតុង ប្រកក្បឿង ក្នុងគម្រោងចំណាយថវិកាប្រមាណ ២១៨លានរៀល និងគ្រោងចំណាយពេលសាងសាង់ក្នុងប្រមាណជា៤ខែ ដែលជាអំណោយរបស់សាខាសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តស្វាយរៀង ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើឲ្យជាងត្រូវសាងសង់អគារនេះគោរពតាមស្តង់ដារ និងធានាបាននូវគុណភាពល្អ ត្រូវធ្វើការដោយប្រយ័ត្នប្រយ៉ែង និងត្រូវគោរពតាមវិធានការរបស់សុខាភិបាល ៣ការពារ និង៣កុំ ដើម្បីជៀសផុតពីជំងឺកូវីដ-១៩ ។
ក្នុងឱកាសនោះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត បានឧបត្ថម្ភ ជាងចំនួន ១៣នាក់ ក្នុងម្នាក់ៗទទួលបាន÷អាវរងា ១, អាវយឺត ១, ម៉ាស់ ជែល ១ដប, ថ្នាំផ្តាសាយ ១ប្រអប់, និងថវិកា ៥ម៉ឺនរៀល ចំណែកឯសមាជិកក្រុមប្រឹក្សាឃុំ ៥នាក់ គ្រូបង្រៀន ១៦នាក់ ប្រជាការពារ ៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀលផងដែរ ៕