27/12/21 11:07 AM
(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ លោក លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត បានដឹកនាំក្រុមការងារជួបសំណេះសំណាល និងនាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់គ្រួសារដែលខ្វះខាត និងចាស់ជរាចំនួន ១៥០នាក់ នៅសង្កាត់ច្រកម្ទេស ក្រុងបាវិត ដោយក្នុងមួយនាក់ទទួលបាន÷ អង្ករ២៥គីឡូក្រាម, មី១កេស, ទឹកត្រី១យូរ, ទឹកស៊ីអ៊ីវ១យូរ, អាវ រងារ, និងថវិកា ២ម៉ឺនរៀល។
ក្នុងឱកាសនោះ លោក លី ធុជ បានពាំនាំនូវសេចក្ដីនឹករលឹក និងការសាកសួរសុខទុក្ខពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាការសួរសុខទុក្ខពីលោកស្រីកិត្តិសង្គហបណ្ឌិត ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង ជូនចំពោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋនៅក្រុងបាវិត។
ជាមួយគ្នានេះ លោក លី ធុជ បានលើកឡើងអំពីភាពជោគជ័យ និងការយកចិត្តទុកដាក់របស់ រាជរដ្ឋាភិបាលកម្ពុជា ចំពោះការថែទាំសុខមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសការងារទប់ស្កាត់ និងការ ប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ព្រមទាំងបានណែនាំអោយពួកគាត់ ត្រូវបន្តប្រុងប្រយ័ត្នខ្ពស់ពីជំងឺឆ្លងកូវីដ-១៩ និងថែរក្សាសុខភាពអនាម័យជាប្រចាំ ទោះបីរាជរដ្ឋាភិបាលបានបិទបញ្ចប់ទាំងស្រុងនូវព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក៏ដោយ។
ជាងនេះទៅទៀត លោកក៏បានលើកឡើងអំពីការពលី និងលះបង់គ្រប់បែបយ៉ាងរបស់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបុព្វហេតុជាតិមាតុភូមិ ការរក្សាសុខសន្តិភាព ស្ថិរភាព និងការបង្រួបបង្រួមជាតិ ដែលក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា មិនដែលមាន។
លោកបានបន្តទៀតថា មានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះដែលរស់នៅរួមសុខ រួមទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ព្រមទាំងបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់បន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រដល់សុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។
បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាលនេះ លោក លី ធុជ ក៏បានបន្តដឹកនាំក្រុមការងារចុះពិនិត្យសកម្មភាពរបស់ប្រជាពលរដ្ឋ ជួសជុលផ្លូវលំមួយខ្សែ ស្ថិតក្នុងភូមិបត់ស្ថឹក សង្កាត់ច្រកម្ទេស ព្រមទាំងបានជួយឧបត្ថម្ភនូវគ្រួសចំនួន ០៤ឡាន ទៀតផងដែរ៕