27/12/21 11:24 AM
ព័ត៌មានជាសំឡេង
ខេត្តកណ្តាល៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានផ្ដល់ការលើកទឹកចិត្ត និងបានផ្តាំផ្ញើដល់បេក្ខជនប្រឡងទាំងអស់ ត្រូវខិតខំបញ្ចេញឱ្យអស់សមត្ថភាព និងចំណេះដឹងក្នុងការប្រឡង ដើម្បីទទួលបានលទ្ធផលល្អគ្រប់ៗគ្នា ជាពិសេសត្រូវគោរពតាមការណែនាំរបស់គណៈមេប្រយោគឱ្យបានល្អ ។
ការលើកទឹកចិត្តនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្ត បានចូលរួមពិនិត្យ និងបើកវិញ្ញាសារប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (BacII) នៅមណ្ឌលប្រលងវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម អ៊ឹម ចាន់ថុល ឧបការីអង្គភាពប្រឆាំងអំពើពុករលួយ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដែលជាព្រឹកថ្ងៃទី១ នៃដំណើរការប្រឡង ដើម្បីពិនិត្យភាពបិទជិត មានបិទស្កុត និង ត្រាស្រោមប្រធានវិញ្ញាសា នៅចំពោះមុខបេក្ខជន ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និង លទ្ធផលទទួលយកបាន។
ឯកឧត្ដមអភិបាលខេត្តបាន លើកឡើងថា ចំពោះប្អូនៗជាបេក្ខជន បេក្ខនារីទាំងអស់ ដែលត្រូវចូលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលនេះត្រូវតែយកចិត្តទុកដាក់ខ្ពស់ និងខិតខំសរសេរឱ្យល្អ ត្រឹមត្រូវ ទៅលើក្រដាសវិញ្ញាសា ហើយបេក្ខជន បេក្ខនារីទាំងអស់មុននឹងឆ្លើយត្រូវគិតត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ក្រែងខុសដោយប្រការណាមួយ និងត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ធ្វើឱ្យបានរួចរាល់លើគ្រប់វិញ្ញាសា ដោយត្រូវគោរពឱ្យបានខ្ជាប់ខ្ជួន នូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង និងប្រកាន់យកនូវគោលការណ៍ "ចេះជាប់" ។
សូមជម្រាបថា៖ សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា២០២០-២០២១នេះ ខេត្តកណ្តាល មានមណ្ឌលប្រឡងសរុបចំនួន ១៨មណ្ឌល ស្មើនឹង៣៧០បន្ទប់ និងមានមណ្ឌលប្រឡងចំនួន៣រួមមាន៖ ក្រុងតាខ្មៅ មាន ១៣មណ្ឌល = ១២សាលា ស្រុកស្អាង មាន ២មណ្ឌល = ១សាលា និងស្រុកកណ្តាលស្ទឹង មាន ៣មណ្ឌល = ២សាលា។
ការប្រឡងចែកចេញជា២គឺ៖ ថ្នាក់វិទ្យាសាស្ត្រ មាន ៥មណ្ឌល ស្មើ ១១៥បន្ទប់ មានបេក្ខជនប្រឡងចំនួន ២៨៤៦នាក់ ស្រី ១៧៩០នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មាន ១៣មណ្ឌល ស្មើ ២៥៥បន្ទប់ មានបេក្ខជនប្រឡងចំនួន ៥៦១៨នាក់ ស្រី ៣០៦១នាក់។
ចំពោះបេក្ខជនស្វៃរិនចំណេះទូទៅ៖ ថ្នាក់វិទ្យាសាស្ត្រ ៖ គ្មាន ថ្នាក់វិទ្យាសាស្ត្រសង្គម ៖ ២៩៥នាក់ ស្រី ១១៥នាក់។ ដោយឡែកសម្រាប់បេក្ខជនបំពេញវិជ្ជា៖ ថ្នាក់វិទ្យាសាស្ត្រ ៖ គ្មាន ថ្នាក់វិទ្យាសាស្ត្រសង្គម ៖ ៣១១នាក់ ស្រី ១០៧នាក់។
បេក្ខជនស្វៃរិនបំពេញវិជ្ជា៖ ថ្នាក់វិទ្យាសាស្ត្រ គ្មាន ថ្នាក់វិទ្យាសាស្ត្រសង្គម ៖ ១៤៥នាក់ ស្រី ៤៤នាក់៕