27/12/21 13:24 PM
ព័ត៌មានជាសំឡេង
សម្រួលផ្សាយ៖SR276
កណ្តល៖ ផែនការកិច្ចការពារកុមារ គឺជាការបន្ត និងជាការពង្រីកចំពោះផែនការប្រតិបត្តិខេត្ត ក្នុងគោល បំណងពង្រឹងប្រព័ន្ធកិច្ចការពារកុមារ ជារួមលើសពីការថែទាំជំនួស ព្រមទាំងពង្រឹងការ សម្របសម្រួលរវាងអ្នកពាក់ព័ន្ធនឹងកិច្ចការពារកុមារ និងអ្នកមានកាតព្វកិច្ច សំដៅលើកកម្ពស់ការថែទាំកាន់តែប្រសើរសម្រាប់កុមារ រួមទាំងការកសាងកម្លាំងការងារសង្គម និងបង្កើនសេវាកិច្ចការពារកុមារ នេះជាការលើកឡើងរបស់ លោកជំទាវ នួន នារតី ប្រធានគណៈកម្មការកិច្ចការស្ត្រី និងកុមារខេត្តកណ្តាលនាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ នៅសាលាខេត្តកណ្តាល។
លោកជំទាវ បានថ្លែងថា៖ យើងបានរួមគ្នាយ៉ាងសកម្មក្នុងការឆ្លុះបញ្ចាំងអោយឃើញពីលទ្ធផលសម្រេចបាន បញ្ហាប្រឈម ដំណោះស្រាយ និងផែនការសម្រាប់អនុវត្តបន្ត ក្នុងគោលបំណងរួមគ្នាប្រតិបត្តិតាមតួនាទី និងការទទួលខុសត្រូវរៀងៗខ្លួនសំដៅសម្រេចអោយបាន នូវគោលដៅរួមរបស់យើង គឺការលើកកម្ពស់ ការថែទាំកុមារក្នុងការបង្ការ និងការទប់ស្កាត់ការបំបែកកុមារចេញពីគ្រួសារដែលមិនចាំបាច់ ទប់ស្កាត់ការប្រើអំពើហឹង្សាលើកុមារគ្រប់ទម្រង់ (ផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ ការមិនអើពើ)ជាដើម។
លោកជំទាវបានបញ្ជាក់ទៀតថា៖ នៅត្រឹមឆ្នាំ២០២៣ ផែនការនេះត្រូវបាន រៀបចំឡើងក្រោមការដឹកនាំបច្ចេកទេស នៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា និងដឹកនាំប្រតិបត្តិការ នៃមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត សម្របសម្រួលដោយគណៈកម្មាធិការពិគ្រោះយោបល់កិច្ចស្រ្តី និងកុមារខេត្ត និងអង្គការ UNICEF ដោយមានកិច្ចសហការយ៉ាងសកម្មជាមួយនឹងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន នៅក្នុងខេត្ត។ ហើយផែនការកិច្ចការពារកុមារនេះ សម្រេចបានលទ្ធផលជោគជ័យតាមសូចនាករកំណត់ អាស្រ័យដោយអ្នកមានភារកិច្ច និងការទទួលខុសត្រូវក្នុងការអនុវត្តទាំងអស់ ដូចមានចែង ក្នុងផែនការនេះ បង្កើនការយល់ដឹង និងមានឆន្ទៈក្នុងការប្រតិបត្តិសំដៅធ្វើឲ្យកុមារនៅក្នុងខេត្តកណ្តាល ក៏ដូចនៅក្នុងប្រទេសកម្ពុជា ទទួលបាននូវកិច្ចការពារប្រកបដោយសមធម៌ពី ទម្រង់ផ្សេងៗ ដែលជាសិទ្ធិរបស់កុមារគ្រប់រូបត្រូវទទួលបានដូចៗគ្នា។ ក្នុងចំណោមសិទ្ធិជាមូលដ្ឋានចម្បងទាំង៤ របស់កុមារ គឺ ការរស់រានមានជីវិត ការអភិវឌ្ឍ ការចូលរួម និងការការពារ ដោយយើងគ្រប់គ្នា។
លោកជំទាវ បានបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យស្ថានភាពសង្គមមានលក្ខណៈល្អប្រសើរ កុមារត្រូវបានលើកស្ទួយ និងគោរពសិទ្ធិជាមូលដ្ឋានទាំងបួនមានលក្ខណៈល្អប្រសើរជាលំដាប់ ដោយឡែក កុមារនៅខេត្តកណ្តាល ក៏ដូចជាកុមារទូទាំងប្រទេសដែរ ត្រូវបានរាជរដ្ឋាភិបាលជំរុញការយកចិត្តទុកដាក់ថែទាំ ការពារពិសេសពីថ្នាក់ដឹកនាំខេត្ត គណៈកម្មាធិកាពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត ក្រុង ស្រុក មន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទាខេត្ត ស្ថាប័នពាក់ព័ន្ធនឹងអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដោយភាពទទួលខុសត្រូវតាមបណ្តាមូលដ្ឋាន សហគមន៏រៀងៗខ្លួន។
ប៉ុន្តែ កុមារមួយចំនួនកំពង់ស្ថិតក្នុងស្ថានភាពលំបាករងគ្រោះ និងងាយរងគ្រោះ ដែលបណ្តាលមកពីកត្តាជីវភាពក្រីក្រ អំពើហឹង្សាក្នុងគ្រួសារ ការកេងប្រវញ្ច័ពលកម្ម ការរងផលប៉ះពាល់ដោយ ជម្ងឺកូវីដ-១៩ ការកេងប្រវញ្ច័ផ្លូវភេទ គ្រោះថ្នាក់ដោយប្រការផ្សេងៗ ដូចជាគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ធម្មជាតិ និងការធ្វើចំណាកស្រុកដោយប្រថុយប្រថានជាដើម៕