សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា


ត្រលប់ក្រោយ

28/12/21 13:54 PM

ចំនួនទស្សនា៖

265

ប្រភព៖

កណ្តាល

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ នេះបានអនុញ្ញាតឲ្យ ឯកឧត្តម Masahiro Mikami ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ជួបពិភាក្សាការងារនៅភូមិគ្រឹះក្រុងតាខ្មៅ។  


នៅក្នុងឱកាសនោះ ឯកឧត្តម Masahiro Mikami បានគោរពរាយការណ៍ជូនសម្ដេចតេជោអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ដែលក្នុងនោះមានលើវិស័យសុខាភិបាល ដែលជប៉ុនបានផ្ដល់វ៉ាក់សាំង Astrazeneca មកដល់កម្ពុជាហើយចំនួន៣០ម៉ឺនដូស និងការត្រៀមផ្ដល់ជំនួយដល់កម្ពុជាយើងជាបន្តទៀតដែលនឹងត្រូវចុះហត្ថលេខានៅពេលខាងមុខនេះ ដែលមានទឹកប្រាក់ប្រមាណជា១៤៥លានដុល្លារសហរដ្ឋអាមេរិក ។ ទាក់ទងទៅនឹងវិស័យការពារជាតិ ឯកឧត្តម Masahiro Mikami បានជម្រាបជូនសម្តេចតេជោថា ឆ្នាំ២០២២ គឺជាខួប ៣០ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព(PKO) ហើយជប៉ុននឹងត្រៀមបញ្ជូននាវាស្វ័យការពារជើងទឹកមកចុះចតនៅកម្ពុជា នៅកំពង់ផែរាម ហើយក៏នឹងអញ្ជើញឯកឧត្តម ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុនផងដែរ ។


ទាក់ទងទៅនឹងវិស័យកិច្ចសហប្រតិបត្តិការក្នុងតំបន់ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យអាស៊ាន ឯកឧត្តម Masahiro Mikami បានគោរពជម្រាបជូនសម្ដេចតេជោថា ជប៉ុនបានផ្ដល់រថយន្តមួយចំនួនជូនដល់ក្រសួងការបរទេស និងផ្តល់នូវសម្ភារៈមួយចំនួនដែរ ហើយជប៉ុនក៏នឹងត្រៀម ផ្ដល់នូវកិច្ចសហប្រតិបត្តិការលើការគាំទ្រដល់កម្ពុជា ធ្វើយ៉ាងណាឲ្យកម្ពុជាទទួលបាននូវភាពជោគជ័យក្នុងនាមជាប្រធានអាស៊ាននាពេលខាងមុខ។ ទាក់ទងទៅនឹងវិស័យវិនិយោគវិញ ឯកឧត្តម Mikami បានជម្រាបជូនសម្តេចតេជោថា ក្រុមហ៊ុន តូយ៉ូតា កំពុងតែរៀបចំស្នើសុំបង្កើតរោងចក្រគ្រឿងបង្គុំនៅក្នុងប្រទេសកម្ពុជា ហើយក៏មានក្រុមហ៊ុនដទៃទៀតកំពុងតែស្នើសុំបង្កើតរោងចក្រផលិតអគ្គិសនីដោយឧស្ម័នធម្មជាតិ និងពន្លឺព្រះអាទិត្យនៅកម្ពុជាផងដែរ។ ជាមួយគ្នានោះផងដែរ ឯកឧត្តម Masahiro Mikami ក៏បានជម្រាបជូនសម្ដេចតេជោលើការគាំទ្ររបស់ជប៉ុនធ្វើយ៉ាងណាជំរុញកំពង់ផែក្រុងព្រះសីហនុឲ្យទៅជាកំពង់ផែស្នូលរបស់ព្រះរាជាណាចក្រកម្ពុជា ។


ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយដល់កម្ពុជានារយៈពេលកន្លងមក ជាពិសេសថ្មីៗនេះដែលបានជួយលើការផ្ដល់វ៉ាក់សាំងកូវីដ១៩ មកដល់កម្ពុជា និងជំនួយដទៃទៀតជាបរិក្ខាផ្សេងៗ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ សម្ដេចតេជោក៏បានថ្លែងអំណរគុណផងដែរចំពោះការផ្ដល់ជារថយន្ត ការផ្ដល់ជាសម្ភារៈ កិច្ចសហប្រតិបត្តិការក៏ដូចជាការគាំទ្រដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាទទួលបាននូវភាពជោគជ័យនៃកិច្ចប្រជុំអាស៊ាននាពេលខាងមុខ។


ចំពោះការអញ្ជើញឯកឧត្តម ហ៊ុន ម៉ាណែត ទៅធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន និងការចូលចតនូវនាវាស្វ័យការពារជើងទឹករាមនៅកម្ពុជា សម្ដេចតេជោនាយករដ្ឋមន្ត្រី សូមស្វាគមន៍ និងបានមានប្រសាសន៍ថា ក្នុងខួប៣០ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព(PKO) នៅឆ្នាំ២០២២ ខាងមុខនេះ យើងគប្បីណាធ្វើខួបនេះឱ្យក្លាយទៅជាការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យការពារជាតិ ។



ទាក់ទងទៅនឹងបំណងមកវិនិយោគរបស់ ក្រុមហ៊ុនតូយ៉ូតា មកកាន់ប្រទេសកម្ពុជា ក៏ដូចជាក្រុមហ៊ុនផលិតអគ្គិសនី និងការគាំទ្រកំពង់ផែក្រុងព្រះសីហនុរបស់កម្ពុជា សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍ និងសូមឱ្យបន្តធ្វើការងារនេះជាមួយនឹងស្ថាប័នពាក់ព័ន្ធជាបន្តបន្ទាប់ទៀត៕


dd
Bottom Ad