រដ្ឋាករទឹកខេត្តស្វាយរៀង ពង្រីកការសាងសង់ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតថ្មីបន្ថែម ការពង្រីកបណ្តាញចែកចាយ និងស្ថានីយ៍បូមទឹកឆៅ ១កន្លែង ស្ថិតនៅក្នុងអាងទន្លេវ៉ៃគោ


ត្រលប់ក្រោយ

29/12/21 08:32 AM

ចំនួនទស្សនា៖

352

ប្រភព៖

ស្វាយរៀង

(ខេត្តស្វាយរៀង)៖ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ លោក អ៊ឹម មេសា ប្រធានអង្គភាពរដ្ឋាករទឹកខេត្តស្វាយរៀង បានឱ្យដឹងថា អង្គភាពរដ្ឋាករទឹកខេត្តស្វាយរៀង នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត បានជម្រាបជូន ដល់សាធារណជនក៏ដូចជាប្រជាពលរដ្ឋឲ្យដឹងថា ដោយពេលបច្ចុប្បន្ននេះការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងក្រុងស្វាយរៀង ទើបតែសម្រេចបានប្រមាណ៤៤%ប៉ុណ្ណោះ មិនអាចផ្គត់ផ្គង់តាមតម្រូវការនោះទេ ដូច្នេះដើម្បីបំពេញសេចក្តីត្រូវការប្រើប្រាស់ទឹកស្អាតនៅក្នុងក្រុងស្វាយរៀង និងតំបន់ជាយក្រុង ឲ្យបានគ្រប់គ្រាន់តាមសំណូមពរ របស់ប្រជាពលរដ្ឋ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកំពុងអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាតទីប្រជុំជន លេខ៣២៣២ ឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះរួមមាន៖ ការសាងសង់ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតថ្មីបន្ថែម ការពង្រីកបណ្តាញចែកចាយ និងស្ថានីយ៍បូមទឹកឆៅ ១កន្លែង ស្ថិតនៅក្នុងអាងទន្លេវ៉ៃគោ (ស្ថិតនៅខាងជើងទ្វារទឹកស្ពានតាហោ សង្កាត់ពោធិតាហោ ក្រុងស្វាយរៀង)។   


លោកបានបន្តទៀតថា ការសាងសង់ស្ថានីយ៍បូមទឹកឆៅនេះ ត្រូវការចាក់អាចម៍ដីបំពេញជាបណ្តោះអាសន្នសិន ដើម្បីសម្រួលដល់ការដឹកជញ្ជូនសម្ភារចូលក្នុងការដ្ឋាន និងការបុកគ្រឹះស្ថានីយ៍បូមទឹកឆៅ(intake)បានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ ចំពោះអាចម៍ដីដែលបានចាក់ចូលទៅក្នុងទន្លេ សម្រាប់បម្រើឱ្យការដ្ឋានខាងលើ នឹងត្រូវយកចេញវិញទាំងអស់នៅពេលដែលការដ្ឋានត្រូវបានបញ្ចប់១០០%។


លោកបានបញ្ចាក់បន្ថែមទៀតថា អង្គភាពរដ្ឋាករទឹក នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តស្វាយរៀង បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋកុំអោយមានការយល់ច្រឡំ ក្នុងអំឡុងពេលការចាក់ដីចូលអាងទឹកទន្លេវ៉ៃគោ ដើម្បីសាងសង់ស្ថានីយ៍បូមទឹកឆៅ៕




dd
Bottom Ad