29/12/21 08:35 AM
បាត់ដំបង៖ អភិបាលរងខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធិ ប្រធានក្រុមការងារថ្នាក់ខេត្ត បានបន្តដឹកនាំក្រុមការងារថ្នាក់ស្រុក សហការជាមួយកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរឃុំ ភូមិ ព្រមទាំងទាំងអ្នកពាក់ព័ន្ធជាច្រើនទៀត បានដឹកនាំយកកូនឈើព្រៃលិចទឹក មានកូនរាំង រំដេញ និងគ្រាប់ត្នោត យកទៅដាំនៅតំបន់ដែលរងនូវការកាប់បំផ្លិចបំផ្លាញពីក្រុមឈ្មួញ និងពលរដ្ឋមួយចំនួននៅក្នុងតំបន់ព្រៃលិចទឹកតំបន់៣ ស្ថិតនៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។
លោក សឿម ប៊ុនរិទ្ធិ បានបញ្ជាក់ថា ការចុះដាំកូនឈើព្រៃលិចទឹក នៅតំបន់នោះ ជាការបង្ហាញនូវសារអំពាវនាវដល់ក្រុមឈ្មួញ និងពលរដ្ឋ ដែលបានចូលទៅកាប់ទន្ទ្រានព្រៃលិចទឹកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ហើយប្រញ៉ាប់រួសរាន់ចេញមុខសារភាព ដើម្បីប្រគល់ដីរដ្ឋដែលកាន់កាប់ខុសច្បាប់ទាំងនោះជូនរដ្ឋគ្រប់គ្រងវិញ បើនៅតែចចេសមិនព្រមចូលខ្លួនមកទេ នឹងត្រូវប្រឈមមុខនឹងច្បាប់ ព្រោះតំបន់ទន្ទ្រានទាំងនោះត្រូវបានក្រុមការងារបានធ្វើអត្តសញ្ញាណកម្មមនុស្ស និងអត្តសញ្ញាណកម្មដីច្បាស់លាស់រួចហើយ។
លោកអភិបាលរងខេត្តបាត់ដំបង បានរំលឹកថា ជាបន្តបន្ទាប់ រដ្ឋបាលខេត្តបាត់ដំបង បានធ្វើការផ្សព្វផ្សាយ និងជូនដំណឹងដល់ប្រជាពលរដ្ឋ និងក្រុមឈ្មួញ ដែលបានបំផ្លាញព្រៃលិចទឹកតំបន់៣ ក្នុងភូមិសាស្ត្រនៃខេត្តបាត់ដំបង ជាពិសេសប្រជាពលរដ្ឋទូទៅ ដោយបានបញ្ជាក់ថា ដែនព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប ត្រូវបានកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរក្សា និងបង្កើតជាតំបន់ពងកូន និង ការលូតលាស់នៃមច្ឆជាតិ ព្រមទាំងជីវៈចម្រុះគ្រប់ប្រភេទ ដែលតំបន់នេះហាមប៉ះពាល់ដាច់ខាតក្នុងការចូលទៅធ្វើការកាប់ឆ្ការ រុករាន និងឈូសឆាយតាមមធ្យោបាយគ្រប់រូបភាពផ្សេងៗនៅលើដីរដ្ឋព្រៃលិចទឹកតំបន់៣ ដែលនេះជាកម្មវត្ថុត្រូវតែធ្វើការដកហូតយកមកជាទ្រព្យសម្បត្តិរដ្ឋវិញ និងហាមឃាត់ការរុករានទន្ទ្រាន អាស្រ័យផលទៀត។ ក្នុងករណីបុគ្គលណានៅតែបន្តល្មើសនឹងការហាមឃាត់នេះ និងមិនព្រមចូលរួមសហការនោះទេ រដ្ឋបាលខេត្តនឹងចាត់វិធានការតាមច្បាប់ ដោយមិនមានការលើកលែងឡើយ។
សូមបញ្ជាក់ថា ក្នុងរយៈពេលពេញមួយថ្ងៃ ក្រុមការងារសម្រេចធ្វើការដាំកូនឈើនៅតំបន់រងការទន្ទ្រាននោះឡើងវិញបានចំនួន ៥០ដើម ជាប្រភេកូនឈើរាំង និងកូនរំដេញនៅតាមបង្គោលព្រំរវាងតំបន់២ និងតំបន់៣ និងដាំគ្រាប់ត្នោតបានចំនួន ២០៥៨គ្រាប់ ហើយជាគោលដៅ នឹងបន្តដាំឱ្យបានពេញផ្ទៃដីដែលរងការបំផ្លាញ ទៅតាមជំហានៗ និងបន្ទាប់ពីក្រុមការងារបញ្ចប់ការធ្វើអត្តសញ្ញាណកម្មដីរួចរាល់៕