បេក្ខជនដែលចូលរួមប្រឡងទាំង៥០៥នាក់ ក្រោយពេលបញ្ចប់ការប្រឡងរយ:ពេល២ថ្ងៃ ម្នាក់ៗសង្ឃឹម៧០ទៅ៨០% មានទាំងទឹកមុខញញឹមស្ទើរគ្រប់ៗគ្នា


ត្រលប់ក្រោយ

29/12/21 08:43 AM

ចំនួនទស្សនា៖

221

ប្រភព៖

ប៉ៃលិន

ខេត្តប៉ៃលិន ៖ ក្រោយពេលបេក្ខជនចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) រយ:ពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ ត្រូវនឹងឆ្នាំសិក្សា២០២០-២០២១ បេក្ខជនម្នាក់ ៗហាក់ដូចជាមានសង្ឃឹមច្រើន ដោយក្រោយពីបញ្ចប់នាថ្ងៃទី២នេះ ពួកគេហាក់ដូចជាមិនភ័យបារម្ភពីការប្រឡងធ្លាក់នោះទេ ជាពិសេសពេលសួរនាំពួកគេបានឆ្លើយទាំងក្លាហានថា សង្ឃឹមជាប់៧០ទៅ៨០% ហើយត្រៀមខ្លួនជានិច្ចក្នុងការចូលសិក្សាសកលវិទ្យាល័យនាថ្ងៃប្រកាសលទ្ធផលនាថ្ងៃខាងមុខ។  


បើតាមការរៀបរាប់ពីយុវជន ឈ្មោះ ងោ សុភ័ណ អាយុ២២ឆ្នាំ, ឈ្មោះ កក្កដា ភេទប្រុស និង ឈ្មោះ ទូច លីសា បានរៀបរាប់ឱ្យដឹងថា ៖ វិញ្ញាសាដែលចេញប្រឡងនាឆ្នាំ២០២១នេះ មិនសូវលំបាក នោះទេ ដោយពួកគេម្នាក់ៗ អាចឆ្លើយនឹងសំណួរស្ទើរតែទាំងអស់ ដោយនៅខ្វះចន្លោះកន្លែងតិចតួចប៉ុណ្ណោះ។ ប្រភពបន្តទៀតថា ពួកគេ មិនព្រួយបារម្ភនោះទេ ដោយជឿទុកចិត្តលើអ្វីដែលគេបានរៀនសូ ត្រកន្លងមក គឺបានចេះចាំ ហើយយល់ភាគច្រើន។ តែទោះបីជាយ៉ាងណា ក៏នៅរង់ចាំមើលលទ្ធផលនា ថ្ងៃខាងមុខ ដោយភ័យអរផងដែរ។


ចំណែកលោក ហុក សុផល អភិបាលរងខេត្ត និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន បានឱ្យដឹងដែរថា ការប្រឡងនេះ មានការយាមកាមយ៉ាងតឹងរឹង គឺមិនអនុញ្ញាតឱ្យបេក្ខជនណាម្នាក់ យកសំណៅឯកសារ ឬលួចចម្លងព្រុយយ៉ុងនោះឡើយ ថែមទាំងមានមន្រ្តីនគរបាលបុរសនារី ឈរចាំ យាមមិនឱ្យមានឪពុកម្តាយ ឬបងប្អូនណាម្នាក់ យកចម្លើយទៅបោះចូលក្នុងបន្ទប់ប្រឡងនោះដែរ។


លោកបន្តទៀតថា ក្នុងនាមលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន បានចាត់ឱ្យលោកដឹកនាំក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិនចុះរៀចំសណ្តាប់ធ្នាប់ យ៉ាងល្អ ដោយមានអ្នកខ្លះចាំទទួលការផ្ញើកង់ ម៉ូតូ របស់បេក្ខជន ដោយឥតគិតថ្លៃ និងមានការតាមដាន សកម្មភាពរបស់បេក្ខជនដោយយកចិត្តទុកដាក់បំផុត ជាពិសេសគឺ ត្រៀមជាស្រេចនូវថ្នាំសង្កូវ ប្រេងកូឡា ដើម្បីងាយស្រួលក្នុងការសង្គ្រោះបន្ទាន់ពេលបេក្ខជនមានបញ្ហាឈឺក្បាលវិលមុខពេលប្រឡងជាដើម។ លោក ក៏សូមជូនពរ និងសង្ឃឹមយ៉ាងមុតមាំថា សិស្សានុសិស្សដែលខិតខំប្រឹងប្រែងរៀនសូត្រ កាលពីដើមឆ្នាំកន្លងមករហូតដល់ថ្ងៃប្រឡងនឹងទទួលបានជោគជ័យគ្រប់ៗគ្នា។


យោងតាមរបាយការណ៍លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឲ្យដឹងថា ៖ មណ្ឌលប្រឡងសរុបមាន០២ មានបេក្ខជនប្រឡង៥០៥នាក់ ក្នុងនោះសិស្សស្រី២៧៧នាក់ដោយមានថ្នាក់វិទ្យាសាស្ត្រ០១មណ្ឌល សិស្សថ្នាក់សង្គម០១មណ្ឌល។





dd
Bottom Ad