វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី៣ អាណត្តិទី៣ ឆ្នាំ២០២១ នៅក្រុងតាខ្មៅ


ត្រលប់ក្រោយ

30/12/21 09:18 AM

ចំនួនទស្សនា៖

208

ប្រភព៖

កណ្តាល

ខេត្តកណ្តាល៖ អភិបាលខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ បានស្នើឱ្យអាជ្ញាធរក្រុមតាខ្មៅ ចៅសង្កាត់ទាំង១០ ត្រូវធ្វើការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ ឱ្យយល់ដឹងពីអនាម័យបរិស្ថានស្អាត ដោយត្រូវបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល និងការបោះសំរាមចោល នៅតាមទីសាធារណៈនានា ដើម្បីប្រែក្លាយទីក្រុងតាខ្មៅឱ្យទៅជាទីក្រុងស្អាត និងជាគំរូល្អសម្រាប់ស្រុកដទៃទៀតអនុវត្តតាម។ 


ឯកឧត្តមអភិបាលខេត្ត បានស្នើបែបនេះក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីភាពក្នុងវទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី៣ អាណត្តិទី៣ ឆ្នាំ២០២១ នៅក្រុងតាខ្មៅ និងឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១។ ដែលវីធីការនេះដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កងកំលាំងទាំងបី មន្ត្រីរាជការសាលាក្រុង អាជ្ញាធរក្រុងតាខ្មៅ និងប្រជាពលរដ្ឋជាច្រើននាក់។


ក្រៅពីរក្សាអនាម័យបរិស្ថានស្អាត ដោយត្រូវបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល និងការបោះសំរាមចោល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសកងកម្លាំងមានសមត្ថកិច្ច ត្រូវខិតខំរក្សានូវសន្តិសុខ សុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសអនុវត្តឱ្យបាននូវភូមិឃុំមានសុវត្ថិភាពល្អ។


មានប្រសាសន៍នៅក្នុងវេទិកា ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានលើកឡើងថា ការប្រារព្ធឡើងនូវវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនាឱកាសនេះ គឺជាការអនុវត្តតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ស្តីពីតួនាទីភារកិច្ច និង ទំនាក់ទំនងការងាររបស់ក្រុមប្រឹក្សា គណៈអភិបាលខេត្ត ក្រុមប្រឹក្សា គណៈអភិបាលស្រុក របស់រាជរដ្ឋាភិបាល កម្ពុជា។ ជាមួយគ្នានេះការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺជាការផ្ដល់ឱកាសជូនប្រជាពលរដ្ឋបាន ប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមករវាងរដ្ឋបាលខេត្ត ជាមួយរដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ ប្រជាពលរដ្ឋ តំណាងអង្គការសង្គមស៊ីវិល វិស័យឯកជន និងក្រុមប្រឹក្សាប្រភេទផ្សេងៗគ្នា ដើម្បីផ្លាស់ប្ដូរ នូវបទពិសោធន៍ និងផ្តល់ប្រឹក្សាអំពីអាទិភាពនៃការអភិវឌ្ឍខេត្តប្រកបដោយប្រសិទ្ធភាព ។ ដូច្នេះហើយ រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានពិនិត្យ និងដោះស្រាយ និងឆ្លើយតប (បាន ឬ មិនបាន) ប្រកបដោយហេតុផលច្បាស់លាស់។ គ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងមូលដ្ឋាន ត្រូវបានរួមបញ្ចូលក្នុងដំណើរការអភិវឌ្ឍតាមបែបប្រជា ធិបតេយ្យ ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាខេត្តនឹងបង្កើតបាននូវវប្បធម៌នៃការពិភាក្សា និង លើកកម្ពស់គណនេយ្យភាពសង្គមតាមបែបប្រជាធិបតេយ្យ ក្នុងការផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋ អំពីសមិទ្ធផលដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក និងបញ្ហាប្រឈមនានាក្នុងការអនុវត្ត។ ផ្ដល់ឱកាសជូនប្រជាពលរដ្ឋលើកឡើងអំពីបញ្ហាសំណើ សំណូមពរ ដែលជួបប្រទះក្នុង ជីវភាពរស់នៅ និងការអនុវត្តតួនាទី ភារកិច្ចរបស់មូលដ្ឋាន ទទួលយកអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងឆ្លើយតប ។


ក្នុងវេទិការនេះដែរ បានលើកឡើងនូវសំណូមពរមួយចំនួនដូចជា៖ បញ្ហាគ្រឿងញៀន បញ្ហាចោរលួចនៅក្នុងមូលដ្ឋាន បញ្ហាហេដ្ឋារចនាសម្ព័ន្ធផ្លូវ បញ្ហាស្ទះលូ និងបញ្ហានានា។

រាល់បញ្ហា និងសំណូមពរ ដែលបានលើកឡើងក្នុងវេទិការ ត្រូវបានគណៈអធិបតី ធ្វើការដោះស្រាយបានមួយចំនួន និងមួយចំនួនទៀតត្រូវបានលើកជូនក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តដើម្បីពិនិត្យ និងសម្រេច។




dd
Bottom Ad