03/01/22 11:20 AM
សម្រួលផ្សាយ៖SR276
ស្វាយរៀង៖ នាឱកាសក្នុងថ្ងៃឆ្លងឆ្នាំសកលឆ្នាំ២០២២ កន្លងទៅនេះ ខេត្តស្វាយរៀង មានភ្ញៀវទេសចរ ដែលមកកម្សាន្តតាមរមណីយដ្ឋាននានា និងភោជនីយដ្ឋាន អាហារដ្ឋាន នៅក្នុងខេត្ត មានចំនួនសរុប ២,៥១៨នាក់។
បើតាមលោក វ៉ាន់ សារ៉ាត់ ប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀង បានឲ្យដឹងថា ភ្ញៀវទេសចរដែលបានមកកម្សាន្ត នៅតាមរមណីយដ្ឋាន ច្រាំងទន្លេរវ៉ៃគោ ក្នុងក្រុងស្វាយរៀង នាឱកាសយប់ថ្ងៃឆ្លងឆ្នាំ ក្នុងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ មានចំនួន ២,៥១៨នាក់, ស្រី១,១៤៧នាក់។ ក្នុងនោះ រមណីយដ្ឋានប្រាសាទបាសាក់ ប្រហែល ៥០នាក់ ស្រី២៧នាក់។
លោក វ៉ាន់ សារ៉ាត់ បានបញ្ជាក់ថា ក្នុងឱកាសបុណ្យចូលឆ្នាំសកលនេះដែរ មន្ទីរទេសចរណ៍បានសហការ ជាមួយអាជ្ញាធរដែនដី បានផ្សព្វផ្សាយអំពីវិធានការ បង្ការទប់ស្កាត់នៃជំងឺកូវីដ-១៩ និងបាញ់ទឹកអាកុល ជូនភ្ញៀវដែលមកទស្សនា ក្នុងនោះគណៈបញ្ជាការឯកភាពខេត្ត បានដាក់ចេញវិធានការការពារ សន្តិសុខសណ្តាប់ធ្នាប់ សាធារណៈជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ដោយមានកម្លាំងសមត្ថកិច្ច ធ្វើការចេញល្បាត និងឈរជើងនៅតាមចំណុចគោលដៅ សំខាន់ៗ ដើម្បីធានាសុវត្ថិភាពនៅទីសាធារណៈនានា ជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ប្រកបដោយសុវត្ថិភាពផងដែរ។
សូមបញ្ជាក់ថា៖ ចូលឆ្នាំសកលឆ្នាំ២០២២នេះ សម្រាប់ខេត្តស្វាយរៀង ប្រជាពលរដ្ឋ បានចេញដើរលេងកម្សាន្ត នៅតាមបណ្តាខេត្តទេសចរណ៍ ដូចជាខេត្តព្រះសីហនុ, កែប, កោះកុង, សៀមរាប, រតនគិរី, មណ្ឌលគិរីផងដែរ។ ដូច្នេះហើយការដើរលេងកម្សាន្ត នៅក្នុងខេត្តស្វាយរៀងឆ្នាំនេះ ពុំសូវច្រើននោះទេ តែគេសង្កេតឃើញមានការជួបជុំគ្នានៅតាមខ្នងផ្ទះច្រើនគួរសម៕