03/01/22 11:51 AM
សម្រួលផ្សាយ៖SR276
បាត់ដំបង៖ យុវជនម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ក្នុងសភាពដាច់-ក្បាល បន្ទាប់ពីមានការផឹកសុីនៅក្នុងមណ្ឌលចត្តាឡីស័កហើយក៏មានការទាស់ទែងគ្នាដោយសារបញ្ហាភ្លើងប្រច័ណ្ឌ។
ករណីឃាតកម្មនេះបានកើតឡើងនៅវេលាម៉ោង ៩:៣៧ នាទីយប់ ថ្ងៃទី១ ខែមករា ឆ្នាំ២០២២ នៅក្នុងមណ្ឌលចត្តាឡីស័កមួយកន្លែងស្ថិតក្នុងភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ យោងតាមព័ត៌មានបឋមដែលយើងទទួលបានពីប្រភពដែលនៅក្នុងមណ្ឌលបាននិយាយថា នៅមុនពេលកើតហេតុ គេឃើញក្រុមយុវជនទាំងនេះ មានការជួបជុំផឹកសុី ហើយក៏បានទាស់សម្តីគ្នាដោយសារភ្លើងប្រច័ណ្ឌ ទើបឈានដល់ការបបួលវ៉ៃគ្នានៅក្នុងអគារដែលគ្មានអ្នកស្នាក់នៅ។
ប្រភពដដែលបានបន្តថា នៅពេលនោះគេគ្រាន់តែដឹងថា ភាគីរងគ្រោះតែម្នាក់ឯង ឯភាគីបង្កមានបក្ខពួកជាង១០នាក់ ថែមទាំងមានដាវសាំម៉ូរ៉ៃទៀតផង ទើបមានការកាប់ផ្តាច់ក្បាលចេញពីស្មាស្លាប់ភ្លាមមួយរំពេច ព្រោះដាវផលិតនៅប្រទេសថៃ។ ក្រោយពេលកើតហេតុមានជនបង្ក ៣នាក់ បានយកអាវខ្មៅទៅគ្របលើលួសបន្លា ហើយពួកគេបានផ្លោះចេញក្រៅមណ្ឌលដោយរត់គេចខ្លួនបាត់ស្រមោល ដោយឡែកអ្នកពាក់ព័ន្ធមួយចំនួន ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់អធិការដ្ឋានដើម្បីសាកសួរ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងមណ្ឌលធ្វើចត្តាឡីស័ក បានសំណូមពរដល់អាជ្ញាធរ ក៏ដូចជាសមត្ថកិច្ច មេត្តាពង្រឹង និងរឹតបន្តឹងការការពារ ក៏ដូចជាការត្រួតពិនិត្យទៅលើសម្ភារ:ដែលបាននាំចូល ព្រោះការធូររលុងនេះបានធ្វើអោយពួកគាត់មានការព្រួយបារម្ភអំពីសុវត្ថិភាព ដោយសារតែមានការនាំយកដាវសាំម៉ូរ៉ៃចូលបាន ថែមទាំងអាចយកស្រាចូលទៅផឹកក្នុងមណ្ឌលទៀត។
ថ្មីៗនេះមានការបែកធ្លាយមកថា អ្នកយាមការនៅមណ្ឌលមានការយកលុយកាក់ ដោយបើកដៃអោយឈ្មួញយកទំនិញផ្សេងៗចូលទៅលក់ក្នុងមណ្ឌល ឬខាងមុខមណ្ឌលថែមទៀតផង ដែលបញ្ហានេះគួរតែអាជ្ញាធរពិនិត្យឡើងវិញ។
សូមសមត្ថកិច្ចពិនិត្យទៅលើថង់ដាក់អីវ៉ាន់របស់ពលករទាំងនោះផងព្រោះអាចភ្ជាប់ជាមួយនឹងដាវសាំម៉ូរ៉ៃ និងកាំបិតផ្សេងៗដែលយកចេញមកពីប្រទេសថៃ៕