03/01/22 12:18 PM
សម្រួលផ្សាយ៖SR276
ប៉ៃលិន៖ នាឱកាសបុណ្យចូលឆ្នាំសកល ត្រូវនឹងថ្ងៃចុងសប្តាហ៍ផងនោះ គេសង្កេតឃើញភ្ញៀវទេសចរណ៍ធ្វើដំណើរមកពីក្នុងក្រុងប៉ៃលិន និងតាមបណ្តាខេត្តនានា ដូចជា ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តពោធិ៍សាត់ និងរហូតដល់រាជធានីភ្នំពេញ បាននាំគ្នាចូលមកលេងរមណីយដ្ឋានក្នុងខេត្តប៉ៃលិនយ៉ាងច្រើនកុះករ។
លោក មាស ប៊ុនធឿន ជាភ្ញៀវទេសចរម្នាក់មកពីខេត្តបាត់ដំបង លោកបានប្រាប់ថា លោកមកលេងខេត្តប៉ៃលិន ជាច្រើនដងមកហើយ លោកសង្កេតឃើញថាខេត្តប៉ៃលិន នាពេលបច្ចុប្បន្ន មានការអភិវឌ្ឍន៍ប្លែក ខុសពីកាលដែលលោកមកមុនៗ។
ភ្ញៀវទេសចរម្នាក់ទៀតលោកស្រី គឹមលាង បានបង្ហាញពីភាពសប្បាយរីករាយក្រោយពីលោកស្រីមកខេត្តប៉ៃលិន ជាលើកដំបូង និងឃើញពីទេសភាពល្អត្រកាល ព្រៃព្រឹក្សាលត្តាវល្ល៍ ដុះតាមជើងភ្នំយ៉ាងស្រស់ស្អាត។
លោកស្រី ទិត្យ ផល្លា ជាម្ចាស់រមណីយដ្ឋានចំការខ្នុរ ស្ថិតនៅក្នុងភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុង-ខេត្តប៉ៃលិន បានឱ្យដឹងថា នាថ្ងៃចុងសប្តាហ៍ ត្រូវនឹងថ្ងៃចូលឆ្នាំសកលនេះ គឺភ្ញៀវទេសចរណ៍ប្លែកមុខ មកពីតាមបណ្តាខេត្តជាច្រើន បាននាំគ្នាបើកបររថយន្តចូលមកលេងខេត្តប៉ៃលិន នៅតាមរមណីយដ្ឋាននានាក្នុងខេត្ត ជាពិសេសគឺរមណីយដ្ឋានរបស់លោកស្រីតែម្តង គឺមានក្មេងចាស់ ប្រុសស្រី ដោយអ្នកខ្លះគេវេចបាយកញ្ចប់ និងម្ហូបអាហារមួយចំនួន ក៏មានអ្នកខ្លះចូលទៅកុម្មង់ទិញម្ហូបរបស់ លោកស្រីដែរ ដូចជាត្រីរ៉ស់បំពង មាន់បំពង ឆាក្រវ៉ាញសាច់ជ្រូក និងសម្លជាច្រើនមុខទៀត។
លោកស្រីបន្តទៀតថា នាឱកាសបុណ្យចូលឆ្នាំសកលនេះ មានភ្ញៀវទេសចរណ៍ ចូលមកលេងច្រើនជាងសព្វមួយដង ពោលគឺច្រើនជាងថ្ងៃធម្មតា ដែលធ្វើឱ្យកន្លែងរបស់លោកស្រីលក់ដូរដាច់គួរសម មិនដូចកាលពីមុន ដែលដោយសារបញ្ហាជំងឺកូវីដ-១៩ ធ្វើឱ្យភ្ញៀវទេសចរមានការធ្លាក់ចុះគួរព្រួយបារម្ភ ប៉ុន្តែក្រោយពីមានការស្ងប់ស្ងាត់បញ្ហាជំងឺកូវីដ-១៩ ហើយត្រូវបានរដ្ឋាភិបាលបញ្ចប់ព្រឹត្តិការណ៍ថ្ងៃ២០ កុម្ភ: ធ្វើឱ្យភ្ញៀវកាន់តែកើនឡើង។ ជាមួយគ្នានោះដែរលោកស្រីក៏មិនភ្លេចណែនាំឱ្យភ្ញៀវធ្វើការលាងដៃ ជាមួយជែល ឬអាល់កុល ដើម្បីកុំឱ្យមានការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។
ជាមួយគ្នានេះដែរលោកស្រីក៏បានជូនពរដល់ភ្ញៀវទាំងអស់ ធ្វើដំណើរកម្សាន្តនាឱកាសបុណ្យចូលឆ្នាំសកលនេះ ទទួលបាននូវសុខសុវត្ថិភាពគ្រប់ៗគ្នា ហើយក៏សូមឱ្យប្រជាពលរដ្ឋទាំងអស់ជៀសឆ្ងាយ ពីជំងឺកូវីដ-១៩ និងគ្រោះចង្រៃនាឆ្នាំថ្មី ពិសេសការប្រកបរបរទទួលទានឱ្យទទួលបានជោគជ័យគ្រប់ៗគ្នា កុំបីឃ្លៀងឃ្លាតឡើយ។
លោក លឹម វាសនា ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន បានឱ្យដឹងថា ៖ ចំនួនភ្ញៀវទេសចរ ដែលចូលមកទស្សនាកម្សាន្តនៅក្នុងខេត្តប៉ៃលិន នៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងថ្ងៃទី១ ខែមករា ឆ្នាំ២០២២ មានចំនួន ២,៨៦៧នាក់ ដោយនាំគ្នាជួលផ្ទះសំណាក់ និងសណ្ឋាគារស្នាក់នៅ ដោយអ្នកខ្លះសម្រាក១យប់ ខ្លះទៀតចំនួន ២យប់ ស្ទើរតែរកកន្លែងស្នាក់នៅគ្មាន។
លោកបន្តថាសម្រាប់ថ្ងៃទីពីរ ជាថ្ងៃអាទិត្យផងនោះភ្ញៀវកាន់តែមកកម្សាន្តច្រើនប្រមាណជាង១ពាន់ ឯណោះ ។ ជាមួយគ្នានេះដែរលោកក៏បានណែនាំអោយម្ចាស់រមណីយ៍ដ្ឋានទាំងអស់នៅតែបន្ត អនុវត្តន៍ វិធានការ ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាប់ជាប្រចាំក្នុងការចូលរួមទប់ស្កាត់ជម្ងឺកូវីដ-១៩៕