05/01/22 08:58 AM
ខេត្តប៉ៃលិន៖ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ អាជ្ញាធរចម្រុះខេត្តប៉ៃលិន បានសហការជាមួយនឹងអាជ្ញាធរក្រុង ចុះទៅសម្របសម្រួលដោះស្រាយបញ្ហាវិវាទដីធ្លី ដ៏រ៉ៃរ៉ៃនៅចំណុចជើងភ្នំចេក ក្នុងភូមិបរយ៉ាខា សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន។
លោក ចក់ រិទ្ធី អភិបាលរងក្រុងប៉ៃលិន បានឱ្យដឹងថា ក្រុមការងាររបស់លោក សហការជាមួយក្រុមការងាររដ្ឋបាលខេត្ត រួមជាមួយនឹងមន្រ្តីសុរិយោដី ពេលនេះ គ្រាន់តែចុះទៅសម្របសម្រួលបញ្ហាទំនាស់វិវាទដីធ្លីប៉ុណ្ណោះ ព្រោះដីទំនាស់ខាងលើនេះអត់ទាន់មានប្លង់កម្មសិទ្ធិត្រឹមត្រូវនោះទេ ដោយមានតែបង្កាន់ដៃបែងចែកដីពីប្រធានអង្គភាពយោធា ក្រោមការគ្រប់គ្រងរបស់លោក ងៀង ទ័ព នាយយោធាវរសេនាធំE80 អត់មានអាជ្ញាធរមូលដ្ឋានណាម្នាក់ពាក់ព័ន្ធនឹងរឿងនេះទេ។ លោកបន្តទៀតថា ពេលនេះ ដោយសារតែមានបញ្ហាដីមួយប្លង់មានម្ចាស់រហូត២ទៅ៣នាក់ ទើបខាងលោកឱ្យម្នាក់ៗ យកឯកសារមកផ្ទៀងផ្ទាត់ ដើម្បីហៅទៅសម្របសម្រួលដោះស្រាយគ្នានៅក្នុងសាលាខេត្តប៉ៃលិន។
លោក ងៀង ទ័ព នាយយោធាវរសេនាធំE80 បានឱ្យដឹងថា ដីខាងលើ គឺជាចំណែករបស់មន្ត្រីយោធា ដែលមានក្បាលដីប្រវែង១៣០ម៉ែត្រ និងបណ្តោយ៥៥០ម៉ែត្រ ត្រូវបានមេអង្គភាពឱ្យលោកបែងចែកជូនមន្រ្តីយោធាចំនួន១០៥គ្រួសារ។ លោកបន្តទៀតថា ខាងលោកបានធ្វើការវាស់វែងដីចែកគ្នា អត់មានអាជ្ញាធរភូមិ ឃុំដឹងឮនោះឡើយ គឺមន្រ្តីយោធាម្នាក់ៗ ទទួលបានចំណែកដីទទឹក១០ទៅ២០ម៉ែត្រ និងបណ្តោយប្រវែង១០០ម៉ែត្រ។ តែក្រោយពីបែងចែកឱ្យគ្រប់គ្នាហើយ ស្រាប់តែអ្នកខ្លះយកទៅលក់ឱ្យប្រជាពលរដ្ឋបន្តបន្ទាប់គ្នា ហើយគាត់ក៏បានលក់ឱ្យទៅឈ្មោះ សៀន វុធ ធ្វើឱ្យមានទំនាស់រហូតដល់សព្វថ្ងៃតែម្តង។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ មានមន្រ្តីយោម្នាក់ ឈ្មោះ សៀន វុធ បានឱ្យដឹងថា គាត់បានទិញដីខាងលើពីលោក ងៀង ទ័ព ដែលមានទទឹងប្រវែង៤៥ម៉ែត្រ គុណនឹងបណ្តោយ១១០ម៉ែត្រ ហើយក៏កាត់លក់ឱ្យទៅ ឈ្មោះ ផល ប្រវែង១៥ម៉ែត្រ បណ្តោយ១០០ម៉ែត្រ និងលក់ឱ្យឈ្មោះ ហាន ប្រវែង១៥ម៉ែត្រ បណ្តោយ១០០ម៉ែត្រ និងទុកខ្លួនឯង១៥ម៉ែត្រ។ តែក្រោយមកស្រាប់តែលោកមន្ត្រីយោធាខាងលើ បានដកយកដីរបស់គាត់ទៅឱ្យកូនរបស់ខ្លួនវិញ ទើបធ្វើឱ្យលោកកើតទុកមិនសុខចិត្ត ក៏ដាក់ពាក្យបណ្តឹងឱ្យអាជ្ញាធរក្រុងស្រុកចុះដោះស្រាយ និងអន្តរាគមន៍៕