កូឡុំប៊ី៖ យ៉ាងហោចណាស់មនុស្ស ២៣ នាក់បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នារវាងក្រុមឧទ្ទាមប្រដាប់អាវុធ


ត្រលប់ក្រោយ

05/01/22 10:00 AM

ចំនួនទស្សនា៖

360

ប្រភព៖

ភ្នំពេញ

សម្រួលផ្សាយ៖SR276


ទីក្រុងបូហ្គោតា ប្រទេសកូឡុំប៊ី៖ ការប្រឈមមុខដាក់គ្នាដោយហិង្សារវាងក្រុមឧទ្ទាមកូឡុំប៊ី (Colombia) នៅតាមតំបន់ជិតព្រំដែនប្រទេស វេណេហ្ស៊ុយអេឡា (Venezuela) បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ២៣ នាក់ស្លាប់ នេះបើតាមរដ្ឋមន្ត្រីការពារជាតិលោក ឌីហ្គោ ម៉ូឡាណូ (Diego Molano) បានប្រាប់សន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃចន្ទដើមសប្តាហ៍នេះ។


យោងតាមការចុះផ្សាយរបស់សារព័ត៌មាន អាល់ ហ្សាហ្សេរ៉ា នៅថ្ងៃចន្ទបានឲ្យដឹងថា ការប្រយុទ្ធគ្នាបានផ្ទុះឡើងកាលពីចុងសប្តាហ៍មុននៅទីក្រុង អារូកា (Arauca) រវាងសមាជិកនៃកងទ័ពរំដោះជាតិ ហៅថា អ៊ីអឹលអឹន (ELN) និងក្រុមអ្នកប្រឆាំងនៃកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កូឡុំប៊ី ហៅថា ហ្វាក (FARC) ដែលបដិសេធកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ២០១៦ ដោយគេមើលឃើញថាក្រុមទាំងនេះត្រូវបានរំសាយចេញដើម្បីនាំមកនូវការបញ្ចប់ជម្លោះប្រដាប់អាវុធរយៈពេលប្រាំទសវត្សរ៍នៅក្នុងប្រទេសនេះ។ ក្រុម អ៊ីអឹលអឹន (ELN) គឺជាក្រុមឧទ្ទាមប្រដាប់អាវុធដែលនៅសេសសល់ធំបំផុតរបស់ប្រទេសកូឡុំប៊ី។


ក្រុមឧទ្ទាមទាំងពីរក្រុមកំពុងវាយប្រយុទ្ធគ្នាដើម្បីដណ្តើមគ្រប់គ្រងសេដ្ឋកិច្ចខុសច្បាប់ ដូចជាការជួញដូរគ្រឿងញៀន នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់កងទ័ពប្រទេសកូឡុំប៊ី។ អ្នកឃ្លាំមើលសិទ្ធិមនុស្សរបស់ប្រទេសកូឡុំប៊ីបាននិយាយថា មានមនុស្សយ៉ាងតិច ១៦ នាក់ត្រូវបានសម្លាប់ និងរាប់សិបគ្រួសារត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះសំបែងរបស់ពួកគេ។

ការិយាល័យរបស់ អំប៊ុតស៍មែន (ombudsman) បានសម្តែងនូវ "ការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃជម្លោះប្រដាប់អាវុធនៅទីក្រុង អារូកា (Arauca) ដោយសារតែការប្រឈមមុខដាក់គ្នារវាងក្រុមប្រដាប់អាវុធខុសច្បាប់ដែលធ្វើឱ្យប្រជាជនស៊ីវិលកំពុងជួបនឹងហានិភ័យធ្ងន់ធ្ងរ"។


ការិយាល័យនេះបានអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋានមានវត្តមាន និងការពារជនស៊ីវិលនៅតាមតំបន់ព្រំដែន ដែលត្រូវបានគេមើលឃើញថាមានការកើនឡើងនៃអំពើហិង្សាពាក់ព័ន្ធនឹងក្រុមប្រដាប់អាវុធចាប់តាំងពីដើមឆ្នាំ២០២១ មក។


គេបាននិយាយថា "ក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះ មានអំពើមនុស្សឃាត ការគំរាមកំហែង ការឃុំខ្លួនខុសច្បាប់ ការផ្លាស់ទីលំនៅដ៏ធំ និងហានិភ័យនៃការផ្លាស់ទីលំនៅដោយបង្ខំនៅតាមតំបន់ព្រំដែន ជាពិសេសនៅទីក្រុង ថេម (Tame), ហ៊្វទុល (Fortul), សារ៉ាវីណា (Saravena) និង អារូគីតា (Arauquita)" ជាដើម៕


dd
Bottom Ad