05/01/22 10:12 AM
សម្រួលផ្សាយ៖SR276
បាត់ដំបង៖ ទីតាំងល្បែងបញ្ជល់មាន់ ១ កន្លែង កំពុងបើកដំណើរការយ៉ាងរលូន និងមនុស្សរាប់រយនាក់ប្រមូលផ្តុំភ្នាល់ដាក់ប្រាក់ហូរកញ្ជ្រៀវផ្អើលពេញភូមិ ខណ:ដែលលោកអធិការស្រុកមោងឫស្សី ឆ្លើយថាអត់ដឹងរឿងនោះទេ។
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឱ្យដឹងថា ទីតាំងសង្វៀនបញ្ជល់មាន់មួយកន្លែងស្ថិតក្នុងភូមិពពែល ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលមានម្ចាស់ឈ្មោះ វ័ន្ត បានបើកដំណើរការអោយមនុស្សរាប់រយនាក់មកពីបណ្តាភូមិ ស្រុក និងខេត្តមួយចំនួនយកមាន់មកជល់ភ្នាល់ដាក់ប្រាក់ស្រែកហូរកញ្រ្ជៀវចាញ់ឈ្នះរាប់លានរៀលក្នុងមួយគូៗ ធ្វើអោយប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងរំខានដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដោយបារម្ភភ័យខ្លាចកើតមានចោរលួចចោរប្លន់កើតឡើងផងដែរ។
ជាក់ស្តែងនៅរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២នេះ ទីតាំងល្បែងស៊ីសងបញ្ជល់មាន់មួយកន្លែងដែលមានម្ចាស់សង្វៀន ឈ្មោះ វ័ន្ត បានបើកដំណើរការមានសង្វៀនចំនួន ០៣ ក្បែរគ្នានិងមានមនុស្សជាង ១០០នាក់ មកប្រមូលផ្តុំលេងភ្នាល់ដាក់ប្រាក់ដោយក្នុង១សប្ដាហ៍គេបើកលេងរយ:ពេល៣ថ្ងៃ គឺនៅថ្ងៃអង្គារ ថ្ងៃពុធ និងថ្ងៃសុក្រ ដែលចាញ់ឈ្នះ រាប់លានរៀលក្នុងមួយគូៗ និងតម្រូវអោយអ្នកចូលលេង ឬភ្នាល់ ត្រូវបង់ប្រាក់ឱ្យម្ចាស់សង្វៀនក្នុងម្នាក់ចំនួន ៣០០០រៀលជាមុន។
ប្រជាពលរដ្ឋបញ្ជាក់ទៀតថា ការបើកដៃអោយមានលេងល្បែងស៊ីសងនៅក្នុងភូមិស្ថានដោយមិនមានការទប់ស្កាត់ពីអាជ្ញាធរមូលដ្ឋាននេះ វាអាចធ្វើឱ្យមានបញ្ហាអសន្តិសុខសង្គម បង្កើតឱ្យមានចោរលួច ចោរប្លន់ ធ្វើអោយពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាព ដូច្នេះពួកគាត់សំណូមពរឱ្យអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចជំនាញពាក់ព័ន្ធមេត្តាចុះទៅត្រួតពិនិត្យ និងបញ្ឈប់ការលេងល្បែងខាងលើនេះផងដើម្បីភូមិឃុំមានសុវត្ថិភាព។
ពាក់ព័ន្ធទៅនឹងការលើកឡើងអំពីទីតាំងល្បែងស៊ីសងបញ្ជល់មាន់ខាងលើ លោក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានប្រាប់ឱ្យអ្នកយកព័ត៌មានយើងដឹងតាមប្រព័ន្ធទំនាក់ទំនងទូរស័ព្ទថា ៖ ខាងលោកអត់ដឹងរឿងនេះទេ ប្រហែលជាគេលេងតាមរបៀបលួចលាក់ ហើយលោកនឹងចុះទៅធ្វើការស្រាវជ្រាវដល់កន្លែងលេង ដើម្បីហៅម្ចាស់យកមកអប់រំណែនាំ បើមិនស្តាប់តាម ខាងលោកនឹងចាត់ការតាមនីតិវិធី៕