លោកយាយ លោកតាចាស់ជរាគ្មានទីពឹងក្នុងខេត្តប៉ៃលិន ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិធិចាស់ជរារបស់លោកជំទាវ បាន ស្រីមុំ អុី ឈាន


ត្រលប់ក្រោយ

05/01/22 15:31 PM

ចំនួនទស្សនា៖

246

ប្រភព៖

ប៉ៃលិន

សម្រួលផ្សាយ៖SR276


ប៉ៃលិន៖ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ ឯកឧត្តម សៅ សារ៉ាត់ ក្នុងនាមលោកជំទាវ បាន ស្រីមុំ ប្រធានមូលនីធិចាស់ជរា និងជាអភិបាល នៃគណ:អភិបាលខេត្តប៉ៃលិន បានដឹកនាំយុវជន សសយក យុវជកាកបាទក្រហម និងក្រុមការងារមូលនីធិ អញ្ជើញសំណេះសំណាល សួរសុខទុក្ខជាមួយលោកតា លោកយាយចាស់ជរាគ្មានទីពឹង និងមានជីវភាពខ្វះខាតទូទាំងខេត្តប៉ៃលិន ដែលមកទទួលប្រាក់ឧបត្ថម្ភ ប្រចាំខែមករា ពីក្រុមការងាររបស់មូលនិធិនៅតាម​គោលដៅទាំង៣។


ឯកឧត្តម សៅ សារ៉ាត់ បានមានប្រសាសន៍នាំមកនូវបណ្តាំផ្ញើសាកសួរសុខ ទុក្ខពីសំណាក់ ឯកឧត្តម អុី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ ប្រធានមូលនិធិ ជូនដល់លោកយាយ លោកតាចាស់ជរាទាំងអស់ ដែលជានិច្ចកាលឯកឧត្តម និងលោកជំទាវ តែងតែគិតគូពី សុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូបគ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងនៅទូទាំងខេត្តប៉ៃលិន។

ឯកឧត្តម បានមានប្រសាសន៍លើកឡើងថា៖ មូលនិធិនេះបានបង្កើតឡើងក្នុងគោលបំណង និងទិសដៅជួយ ដល់ លោកយាយ លោកតាចាស់ជរាគ្មានទីពឹង មានជីវភាពខ្សត់ខ្សោយ និងមានអាយុចាប់ពី ៧០ឆ្នាំ ឡើងទៅ ដែលពុំមានលទ្ធភាពអាចចេញទៅប្រកបមុខរបរដើម្បីចិញ្ជឹមជីវិតបាន ក៍ដូចជាការជួយលើកកំពស់កម្រិតជីវភាព និងបំប៉នថែរទាំសុខភាពលោកយាយលោកតា ដោយមិនប្រកាន់បក្សពួក និងនិន្នាការនយោបាយឡើយ ព្រោះមនុស្សចាស់ គឺមានគុណបំណាច់ធំធេងណាស់ ក្នុងការជួយអប់រំប្រៀនប្រដៅដល់កូនចៅជំនាន់ក្រោយៗ ឲ្យប្រព្រឹត្តិតែអំពើល្អ។


ក្នុងឱកាសនោះដែរឯកឧត្តម សៅ សារ៉ាត់ ក៍បានមានប្រសាសន៍អំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមប្រយុទ្ធប្រឆាំង បង្ការទប់ស្កាត់ និងការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តន៍ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពអនុវត្តន៍នូវវិធានចាំបាច់នានារបស់រាជរដ្ឋាភិបាល ជាពិសេសត្រូវរួមគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការការពាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ ៣ការពារ ៣កុំ។


សូមបញ្ជាក់ថា៖ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់លោកយាយ លោកតា ក្រុមការងារមូលនិធិ ត្រូវបាន បែងចែកជា ៣ក្រុម គឺក្រុមទី១ បើកផ្តល់ជូនលោកយាយលោកតានៅទីស្នាក់ការសាខាកាកបាទក្រហម ខេត្តប៉ៃលិន, ក្រុមទី២ នៅសាលាឃុំអូរអណ្តូង និងក្រុមទី៣ នៅសាលាឃុំស្ទឹងត្រង់ ដោយមូលនិធិបានបើកផ្តល់ ប្រាក់ឧបត្ថម្ភប្រចាំខែ ដល់លោកយាយ លោកតា ចាស់ជរា ចំនួន ៦១នាក់ ដោយក្នុងម្នាក់ៗទទួលបាន ថវិកា ចំនួន ១០ម៉ឺនរៀល៕


dd
Bottom Ad