ជនចំណាកស្រុករាប់សិបនាក់ស្វែងរកការជ្រកកោននៅលើអណ្តូងប្រេងមេឌីទែរ៉ាណេ


ត្រលប់ក្រោយ

06/01/22 10:30 AM

ចំនួនទស្សនា៖

355

ប្រភព៖

ភ្នំពេញ

សម្រួលផ្សាយ៖SR276

ទុយនីស៊ី៖ ជនចំណាកស្រុករហូតដល់ ៧០ នាក់ ដែលកំពុងព្យាយាមឆ្លងសមុទ្រមេឌីទែរ៉ាណេ បានមកជ្រកកោននៅលើស្ថានីយបូមប្រេងមួយកន្លែង មុនពេលត្រូវបានប្រគល់ទៅឱ្យអាជ្ញាធរទុយនីស៊ី នេះបើតាមសេចក្តីរាយការណ៍របស់ក្រុមហ៊ុនថាមពលក្នុងស្រុក និងអង្គការសប្បុរសធម៌សម្រាប់កិច្ចការជួយសង្គ្រោះក្នុងប្រទេសទុយនីស៊ី។


យោងតាមការចុះផ្សាយរបស់សារព័ត៌មាន អាលហ្សាហ្សេរ៉ា នៅថ្ងៃអង្គារ បានឲ្យដឹងថា ក្រុមនាវាជួយសង្គ្រោះ ល្វីស៍ មីសែល (Louise Michel) បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ ថាខ្លួនបានជួយសង្គ្រោះមនុស្សចំនួន ៣១ នាក់ពីទូកឈើដែលរសាត់អណ្តែតក្នុងអាកាសធាតុមិនល្អ ខណៈដែល "មនុស្ស ៦៥ ទៅ ៧០ នាក់ផ្សេងទៀតបានកំពុងរង់ចាំពេញមួយយប់នៅលើស្ថានីយបូមប្រេងមួយកន្លែង ដែលពួកគេបានតោងឡើង។

ក្រុមហ៊ុនថាមពលនៅក្នុងប្រទេសទុយនីស៊ី បានបញ្ជាក់ថា ចំនួនជនចំណាកស្រុកដែលមិនបានបញ្ជាក់បានទៅដល់ស្ថានីយបូមប្រេង មីស្កា (Miskar) របស់ខ្លួនដែលមានចម្ងាយប្រហែល ១២០ គីឡូម៉ែត្រពីឆ្នេរសមុទ្រទុយនីស៊ី នៅម៉ោង ៨យប់ (ម៉ោងនៅទុយនីស៊ី) កាលពីថ្ងៃចន្ទ។


ក្រុមហ៊ុនថាមពលបាននិយាយទៀតថា "ជនចំណាកស្រុកត្រូវបានជួយ និងផ្តល់ទឹក អាហារ និងសម្លៀកបំពាក់ស្ងួត" ដោយបន្ថែមថា ខ្លួនបានជូនដំណឹងដល់អាជ្ញាធរទុយនីស៊ី។ ក្រោយមក ជនចំណាកស្រុកត្រូវបានផ្ទេរដោយសុវត្ថិភាពទៅកាន់កប៉ាល់កងទ័ពជើងទឹកទុយនីស៊ី នៅថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២ នៅម៉ោងប្រហែល ២ រសៀល ម៉ោងនៅប្រទេសទុយនីស"។

នាវា ល្វីស៍ មីសែល (Louise Michel) គឺជាអតីតកប៉ាល់កងទ័ពជើងទឹកបារាំងប្រវែង ៣០ ម៉ែត្រ ដែលតុបតែងដោយវិចិត្រករជនជាតិអង់គ្លេសឈ្មោះ ប៊ែងស៊ី (Banksy) ដែលជាអ្នកឧបត្ថម្ភម្នាក់។ វាគឺជាកប៉ាល់សង្គ្រោះមួយក្នុងចំណោមនាវាជួយសង្គ្រោះជាច្រើនដែលកំពុងប្រតិបត្តិការនៅសមុទ្រមេឌីទែរ៉ាណេ ខណៈដែលជនចំណាកស្រុករាប់ម៉ឺននាក់ព្យាយាមទៅដល់ អឺរ៉ុប ជារៀងរាល់ឆ្នាំ ជាញឹកញាប់នៅក្នុងទូកដែលលេចធ្លាយ និងមានមនុស្សច្រើនកកកុញ។


វាមិនមែនជារឿងចម្លែកទេសម្រាប់អ្នកដែលជាប់គាំងដើម្បីស្វែងរកការជ្រកកោននៅលើស្ថានីយបូមប្រេងនៅឯនាយសមុទ្រ ទោះបីជាប្រតិបត្តិករព្រមានថាវាអាចមានគ្រោះថ្នាក់ក៏ដោយ។ យោងតាមទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បានឱ្យដឹងថា មនុស្សប្រមាណជាង ១១៥,០០០ នាក់ បានមកដល់តាមសមុទ្រក្នុងប្រទេសអ៊ីតាលី ក្រិក អេស្បាញ ស៊ីប និង ម៉ាល់តា កាលពីឆ្នាំមុន ខណៈដែលប្រហែល ១,៨០០ នាក់បានស្លាប់ ឬបាត់ខ្លួន៕


dd
Bottom Ad