06/01/22 13:44 PM
បាត់ដំបង ៖ ជាប្រវត្ថិសាស្ត្រមួយសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដែលទទួលបាននូវសមិទ្ធផលពីរាជរដ្ឋាភិបាលកម្ពុជា គឺផ្លូវអាស៊ានហាយវេទី១ កំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង បន្ទាយមានជ័យ មានប្រវែងជាង៨៤ គ.ម ដែលបានចំណាយថវិកាអស់ជាង ១៦០ លានដុល្លារ ដែលកំណាត់ផ្លូវមួយខ្សែនេះបានបើកឱ្យធ្វើចរាចរណ៍ជាផ្លូវការចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១មកម៉្លេះ បន្ទាប់ពីបានស្ថាបនារួចរាល់ ដោយឡែកពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ផ្លូវអាស៊ានហាយវេទី១នេះ គឺជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសកម្ពុជា ដែលតភ្ជាប់ពីតំបន់សេដ្ឋកិច្ចនៃច្រកទ្វារព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មកកាន់ខេត្តបាត់ដំបង ។ ផ្លូវនេះជាប្រភេទផ្លូវ៤គន្លង ដែលមានទទឹង២៣ម សម្រាប់តំបន់ជនបទ និង២៨ម សម្រាប់តំបន់ទីប្រជុំជន ដោយចំណាយថវិកាក្នុងការសាងសង់សរុប១៦០,៦លានដុល្លាសហរដ្ឋអាមេរិច ។ ចំពោះខេត្តបាត់ដំបង មានផ្លូវវាងក្រុងបាត់ដំបងមួយខ្សែ ដែលមានប្រវែងសរុប២៣.៩២គ.ម និងផ្លូវតាមបណ្ដោយផ្លូវជាតិលេខ៥ប្រវែង២២.៣៥គ.ម ដែលមានសួនច្បារនៅកណ្ដាល ដោយមានដាំដើមត្របែកព្រៃ និងចំពោះផ្នែកផ្លូវវាងក្រុង មានដាំដើមក្ងោក នៅត្រឹមព្រំដី ។
សូមបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ៥ គឺជាគម្រោងក្រោមកម្ចីឥណទាន សម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា ដែលផ្តើមសាងសង់ចេញពីព្រែកក្តាម រហូតដល់ក្រុងប៉ោយប៉ែត ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង ខេត្តបន្ទាយមានជ័យ មានប្រវែងសរុប៣៦៦គ.ម គ្រោងចំណាយថវិកាប្រមាណ៥០០លានដុល្លា ហើយការស្ថាបនាត្រូវបានបែងចែកជាបីផ្នែកធំៗគឺ ភាគខាងជើង ភាគខាងត្បូង និងភាគកណ្តាល ។
ផ្លូវជាតិលេខ៥ គឺជាផ្លូវយុទ្ធសាស្ត្រយ៉ាងសំខាន់ ជាផ្លូវអាស៊ានហាយវេលេខ១ ហើយក៏ជាផ្លូវរបៀងសេដ្ឋកិច្ចកើត-លិច ទី២ដ៏មានសក្ដានុពលសម្រាប់ប្រកួតប្រជែងពាណិជ្ជកម្ម ទេសចរណ៍ ភស្តុភារកម្ម វិនិយោគ និងសេដ្ឋកិច្ចនៃមហាតំបន់មេគង្គ GMS ដែលតភ្ជាប់រវាង បាងកក-ភ្នំពេញ-ហូជីមិញ ៕