10/01/22 10:04 AM
បាត់ដំបង៖ ដើម្បីឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ដែលជួបនឹងបញ្ហាប្រឈមអំពីផ្លូវលំជនបទ ដែលជាផ្លូវប្រទាក់ក្រឡាគ្នាពីភូមិមួយទៅ ភូមិមួយទៀត នៅក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បន្ទាប់ពីការបិទបញ្ចប់ការផ្ទុះឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ រួចមកនោះ ប្រធានក្រុមការងារចុះជួយឃុំភ្នំសំពៅ លោក ហែម ថេង និងលោកស្រី ព្រមទាំងសហការី និងដោយមានការជួយឧបត្ថម្ភបន្ថែមលើគ្រឿងចក្រពីលោកឧត្តមសេនីយ៍ឯក លន់ សុធី នាយករងនាយកដ្ឋានវិស្វកកម្មនៃក្រសួងការពារជាតិ បានចាប់ផ្តើមធ្វើការជួសជុលផ្លូវលំជនបទ១ខ្សែ មានប្រវែង៤ពាន់ម៉ែត្រ ជូនប្រជាពលរដ្ឋ កំពុងតែរស់នៅក្នុងភូមិចំនួន៣របស់ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង គឺភូមិភ្នំសំពៅកើត ភូមិក្តោង និងភូមិសំណាញ់ ដែលពិធីបើកការដ្ឋានជួសជុលផ្លូវលំ១ខ្សែនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ។
លោក ហែម ថេង បានបញ្ជាក់ថា ផ្លូវនេះធ្វើឡើងតាមស្តង់ដាជាផ្លូវលំ ដោយមានការប្រើប្រាស់គ្រឿងចក្ររបស់កងវិស្វកម្មនៃក្រសួងការពារជាតិ ដែលតាមការជួសជុលផ្លូវនេះត្រូវប្រើប្រាស់ទឹកប្រាក់ចំនួន៥ពាន់ដុល្លាក្នុង១គ.ម សរុបទាំង៤គ.ម គឺស្មើនឹង២ម៉ឺនដុល្លា តែសម្រាប់ការជួសជុលផ្លូវនេះ គឺលោកឧត្តមសេនីយ៍ឯក លន់ សុធី យកតែថ្លៃប្រេងត្រឹមតែ២,០០០ដុល្លាប៉ុណ្ណោះ ដើម្បីផ្តល់ជូនជាចំណងដៃដល់ប្រជាពលរដ្ឋក្នុងឃុំភ្នំសំពៅ នាឱកាសនៃថ្ងៃចាប់ផ្តើមបន្តធ្វើការអភិវឌ្ឍឃុំ បន្ទាប់ពីស្ថានភាពនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា មានភាពធូរស្រាលមកវិញនោះ ។
លោក ហែម ថែង បានធ្វើការពន្យល់ និងណែនាំដល់ប្រជាពលរដ្ឋ ដែលរស់នៅអមសង្ខាងផ្លូវដែលត្រូវជួសជុលនេះទាំងអស់ សូមចូលរួមសហការជាមួយក្រុមការងារជំនាញបច្ចេកទេស លើផលប៉ះពាល់ទាំងឡាយ ធ្វើឲ្យមានការរាំងស្ទះដល់ដំណើរការជួសជុលផ្លូវនេះ ដូចជាដើមឈើ ព្រំរបងជាដើម ដើម្បីឲ្យដំណើរការជួសជុលផ្លូវបានឆាប់រហ័សនឹងបានដាក់ជូនប្រជាពលរដ្ឋប្រើប្រាស់តាមតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងនោះចំពោះបញ្ហាកង្វះខាតដូចជាគ្រួសក្រហមគឺបានការចូលរួមពីអាជ្ញាធរស្រុកបាណន់ ដោយមានការទំនាក់ទំនងល្អជាមួយមន្ទីររ៉ែនិងឋាមពលខេត្តបាត់ដំបង និងសូមឲ្យប្រជាពលរដ្ឋជួយថែរក្សាផ្លូវនេះ ដើម្បីបម្រើផលប្រយោជន៍សាធារណៈបានយូរអង្វែងតទៅមុខទៀត៕