10/01/22 11:35 AM
ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានថ្លែងថា ក្រុមការងារទាំងអស់ ត្រូវមានឆន្ទៈ និងមានការទទួលខុសត្រូវ ចំពោះការងារ ក្នុងការបម្រើប្រយោជន៍ ប្រជាពលរដ្ឋ។
លោកជំទាវ បានថ្លែងយ៉ាងដូច្នេះ ក្នុងពេលអញ្ជើញជាអធិបតី ក្នុងពិធីសន្និបាតបូកសរុបការងារ អភិវឌ្ឍឃុំ-សង្កាត់ ទាំង៨នៃខេត្តប៉ៃលិន ពីឆ្នាំ២០១៧ ដល់ ២០២២ និង លើកទិសដៅការងារបន្តអភិវឌ្ឍសង្កាត់ឆ្នាំ ២០២២ ដល់ ២០២៧ របស់គណៈកម្មាធិការគណបក្សឃុំ-សង្កាត់ ខេត្តប៉ៃលិន និងលោក-លោកស្រី អនុប្រធាន សមាជិក សមាជិកា ប្រមាណជាង ១៥០ នាក់។
លោកជំទាវ បានជំរុញមន្ត្រីគណបក្សទាំងអស់ត្រូវខិតខំពង្រឹងកម្មវិធីនយោបាយរបស់ គណបក្ស មកអនុវត្តក្នុងឃុំ-សង្កាត់ របស់ខ្លួន តាមតថភាពជាក់ស្តែង ឲ្យបានត្រឹមត្រូវ ក៏ដូចជា ខិតខំកសាង និងពង្រឹងគណបក្ស លើវិស័យសតិអារម្មណ៍ ដោយគាំទ្រ និងចូលរួមការចាត់តាំង គណបក្ស នៅមូលដ្ឋាន ក្នុងការឃោសនាអប់រំប្រជាជន ពីសភាពការណ៍រីកចម្រើន។
លោកជំទាវក៏បានជំរុញមន្ត្រីគណបក្ស ត្រូវធ្វើជាស្នូលនៃសាមគ្គីភាព ឯកភាពផ្ទៃក្នុង របស់គណបក្ស និងធ្វើជាគំរូដល់ សមាជិកគណបក្ស និងអ្នកគាំទ្រគណបក្ស ក៏ដូចជា មហាជនទូទៅ ក៏ដូចជាខិតខំកសាងទំនាក់ទំនងល្អ ជាមួយមហាជន សហការជួយ ឧបត្ថម្ភគាំទ្រគ្នា ទៅវិញទៅមក និងធ្វើអំពើល្អ ជាមួយប្រជាជន គ្រប់មូលដ្ឋាន សំដៅលើកកម្ពស់ប្រជាប្រិយភាព របស់គណបក្ស និងទទួលបានការគាំទ្រ បន្ថែមទៀត ចំពោះគណបក្សប្រជាជនកម្ពុជា។