អភិបាលរងខេត្តស្វាយរៀង អំពាវនាវដល់សិស្សានុសិស្សទាំងអស់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ដើម្បីការពារជំងឺកូវីដ-១៩ កុំឲ្យឆ្លងពេលចូលសាលារៀន


ត្រលប់ក្រោយ

11/01/22 09:28 AM

ចំនួនទស្សនា៖

270

ប្រភព៖

ស្វាយរៀង

(ខេត្តស្វាយរៀង)៖ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានថ្លែងអំពាវនាវដល់សិស្សានុសិស្សទាំងអស់ ត្រូវអនុវត្តវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនគឺ ៣កុំនិង ៣ការពារ ដើម្បីការពារជំងឺកូវីដ-១៩ កុំឲ្យឆ្លងចូលសាលារៀន ជាពិសេសត្រូវរៀនរស់តាមបែបគន្លងប្រក្រតីថ្មីនៃបរិបទជំងឺកូវីដ-១៩។ ការថ្លែងរបស់ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងបែបនេះ បានធ្វើឡើងនៅពេលពិធីបើកបវេសនកាលនៅវិទ្យាល័យស្វាយរៀង នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។ 


ឯកឧត្តម តូច ប៉ូលីវ៉ា បានថ្លែងអរគុណសន្តិភាព និងអរគុណសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាដែលជាមគ្គុទេសករ ឆ្លាតវាងវៃនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ហើយយើងទាំងអស់គ្នាត្រូវការពារសន្តិភាពនេះ ឲ្យបានគង់វង្សជានិរន្តគឺមិនឲ្យជនណាម្នាក់បំផ្លាញបានឡើយ។


ឯកឧត្តមបានបន្តថា សាលាវិទ្យាល័យស្វាយរៀងដែលស្ថិតនៅក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀងគឺជាវិទ្យាល័យគំរូមួយក្នុងខេត្ត ដែលមានការរៀបចំរបៀបរៀបរយក្នុងសាលាបានល្អប្រសើរទាំងការងារបរិស្ថាន និងអនាម័យ ជាពិសេសមានសួនច្បារ តារាងបាល់ទាត់ បាល់ទះ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតនៅក្នុងសាលា ដោយទាំងនេះជាការខិតខំរបស់លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ធ្វើឲ្យមានការចាប់អារម្មណ៍ និងគាំទ្រពីថ្នាក់ដឹកនាំផងដែរ។


ឯកឧត្តមបានបញ្ជាក់ថា សិស្សានុសិស្សនៅផ្ទះត្រូវគោរពវិន័យគ្រួសារ នៅសាលាត្រូវគោរពបទបញ្ជាផ្ទៃក្នុងរបស់សាលា ដូច្នេះត្រូវខិតខំរៀនសូត្រដើម្បីក្រេបយកចំណេះវិជ្ជាដែលជាស្ពានចម្លងឲ្យមានអនាគតល្អនៅពេលបញ្ចប់ការសិក្សា ហើយនឹងក្លាយជាទំពាំងស្នងឬស្សីដ៏រឹងមាំប្រកបដោយចំណេះ និងជំនាញពិតប្រាកដ។


ឯកឧត្តមបានបន្ថែមថា លោកគ្រូ អ្នកគ្រូ ត្រូវតែតាមដានចំពោះសិស្សមួយចំនួនដែលយកម៉ោងសិក្សាទៅដើរលេងខាងក្រៅ និងរាយការណ៍ទៅអាណាព្យាបាលអប់រំកូនៗឲ្យបានល្អ ចៀសវាងទៅសេពគ្រឿងញៀន អំពើអបាយមុខផ្សេងៗទៀត ដែលនាំឲ្យខូចអនាគត ព្រោះក្មេងៗចាត់ទុកបានដូចជាក្រណាត់សមួយដុំដែលឆាប់ប្រឡាក់ និងឆាប់ទទួលបានទាំងអំពើមិនល្អនិងអំពើល្អ ដូច្នេះត្រូវចូលរួមទាំងអស់គ្នា ដើម្បីក្លាយជាសិស្សល្អ ពលរដ្ឋល្អ៕





dd
Bottom Ad