11/01/22 09:36 AM
សម្រួលផ្សាយ៖SR276
បាត់ដំបង៖ នារសៀលថ្ងៃចន្ទទី១០ ខែមករា ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវ “មណ្ឌលកីឡាហែលទឹកបាត់ដំបង” ស្ថិតនៅសាកលវិទ្យាល័យជាតិបាត់ដំបង សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការចូលរួមពីសំណាក់រដ្ឋមន្ត្រី ក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូសិស្ស និស្សិត កីឡាករ និងកីឡាការិនី ព្រមទាំងប្រជាពលរដ្ឋជាច្រើនរូប។
ជាកិច្ចចាប់ផ្ដើមនៃកម្មវិធី ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានថ្លែងសន្ទរកថាស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង នាពេលនេះ។ ឯកឧត្តមបន្តថា កាយវិការដ៏ប្រពៃនេះ ជាការចូលរួមចំណែកក្នុងការលើកស្ទួយ និងអភិវឌ្ឍនវិស័យកីឡានៅកម្ពុជា ដើម្បីឈានទៅរកការប្រកួតក្នុងឆាកអន្តរជាតិ(ស៊ីហ្គេម)២០២៣ខាងមុខដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងដើម្បីស្តារកេរ្តិ៍ឈ្មោះកីឡាហែលទឹកកម្ពុជាឡើងវិញ។
ឯកឧត្តមបានមានប្រសាសន៍ឱ្យដឹងថា មណ្ឌលកីឡាហែលទឹកនេះសាងសង់លើផ្ទៃដីទំហំ១១២ ម៉ែត្រ គុណនឹង ៦៥ ម៉ែត្រ ក្នុងនោះរួមមាន៖ អាងទឹកសម្រាប់ប្រកួត, អាងលោតទឹក, អាងហែលកំដៅសាច់ដុំ, ប៉មលោតទឹក, អាងទឹកក្នុងដីសម្រាប់រក្សាតុល្យភាពទឹកអាងទាំងបីទំហំ ១០ម៉ែត្រ។ មណ្ឌលកីឡាហែលទឹកនេះរួមមានកន្លែងអង្គុយទស្សនា បន្ទប់ម៉ាស៊ីនចម្រោះ, បន្ទប់ឃ្លាំង ,បន្ទប់ផ្លាស់សម្លៀកបំពាក់, បន្ទប់ទឹកកីឡាករកីឡាការិនី, បន្ទប់ទឹកសាធារណៈ, ទីធ្លាចំណតរថយន្តនិងទោចក្រយានយន្ត, អាគារពហុបំណង, បន្ទប់ពិសេសសម្រាប់គណៈអធិបតី, បន្ទប់បញ្ជាការប្រកួត, បន្ទប់សង្គ្រោះបន្ទាន់, បន្ទប់អាជ្ញាកណ្តាល, កន្លែងសម្រាករយៈពេលខ្លី, បន្ទប់ស្នាក់នៅសម្រាប់កីឡាករទាំងពីរភេទ, បន្ទប់បរិភោគ និងចង្រ្កានចំអិនអាហារផងដែរ ដោយចំណាយថវិកាសរុបជាង២លានដុល្លារសហរដ្ឋអាមេរិក។
ទន្ទឹមនឹងនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានស្តែងនូវការអរគុណចំពោះមាតា បិតា អាណាព្យាបាលរបស់កីឡាករ កីឡាការិនីទាំងអស់ ដែលបានផ្តល់ឱកាសឱ្យកូនៗចូលរួមលើកស្ទួយវិស័យកីឡា និងបានលើកទឹកចិត្តឱ្យកីឡាករ កីឡាការិនីត្រូវបន្តការហ្វឹកហាត់បន្ថែមទៀត ដើម្បីត្រៀមដណ្តើមពានរង្វាន់ជូនគ្រួសារ និងប្រទេសជាតិនៅឆ្នាំ២០២៣ខាងមុខនេះ។
នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្តែងនូវក្តីសោមន្សរីករាយ ពោពេញដោយមោទកភាពយ៉ាងខ្លាំងដែលបានចូលរួមក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “មណ្ឌលកីឡាហែលទឹកបាត់ដំបង” ជាមួយគ្នានេះ សម្តេចក្រឡាហោម សូមចូលរួមអបអរសាទរចំពោះកីឡាករ កីឡាការិនីដែលទទួលជ័យលាភីក្នុងការប្រកួតដែលបានបញ្ចេញសមត្ថភាពដ៏ប៉ិនប្រសព្វមុននេះបន្តិច។
សម្តេចក្រឡាហោម មានប្រសាសន៍បន្តថា “មណ្ឌលកីឡាហែលទឹកបាត់ដំបង” គឺជាសមទ្ធិផលថ្មីស្រឡាងមួយសម្រាប់ខេត្តបាត់ដំបង ដែលត្រូវបានសាងសង់ឡើងដើម្បីលើកកម្ពស់ឱ្យយុវជន កីឡាករ កីឡាការិនី ហ្វឹកហាត់ពង្រឹងសមត្ថភាពជំនាញកីឡាហែលទឹកដើម្បីឈានទៅការប្រកួតជាលក្ខណៈអន្តរជាតិ ទៅការប្រកួតដណ្តើមមេដាយ និងបង្ហាញឱ្យប្រទេសនៅលើសកលលោកស្គាល់ពីកម្ពុជាឱ្យកាន់តែច្បាស់។
សម្តេចក្រឡាហោម បានមានប្រសាសន៍បន្ថែមថា តាមរយៈរបាយការណ៍របស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកបានបង្ហាញឱ្យឃើញថាក្រៅពីការសាងសង់ “មណ្ឌលកីឡាហែលទឹកបាត់ដំបង” សហព័ន្ធខ្មែរកីឡាហែលទឹកបានសាងសង់អាងហែលទឹកចំនួន៣ផ្សេងទៀតដើម្បីបង្កើនឱកាស ក៏ដូចពង្រឹងសមត្ថភាពកីឡាករឱ្យបានកាន់តែប្រសើរជាបន្តបន្ទាប់ ទាំងការប្រកួតក្នុងស្រុក និងការប្រកួតដណ្តើមមេដាយមាសនានានៅកម្រិតអន្តរជាតិ។
ជាចុងបញ្ចប់ សម្តេចក្រឡាហោម ស ខេង បានអំពាវនាវឱ្យមានការចូលរួមថែរក្សាទ្រព្យសម្បតិ្តទាំងនេះធ្វើយ៉ាងណា ឱ្យប្រើប្រាស់បានយូរអង្វែង ព្រមទាំងបានជូនពរដល់ ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយស ព្រមទាំងកីឡាករ កីឡាការិនីទាំងអស់ជួបប្រទះសេចក្តីសុខ និងសេចក្តីចម្រើនកុំបីឃ្លៀងឃ្លាតឡើយ៕ ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា