12/01/22 12:32 PM
(ខេត្តកំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដាក់គោលការណ៍មួយចំនួន ឲ្យកម្លាំងនគរបាលបន្តអនុវត្តដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋកាន់តែល្អសើរថែមទៀត បើទោះបីជា ខេត្តកំពង់ចាម បានទទួលជ័យលាភីចំណាត់ថ្នាក់លេខ១ លើចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្តិភាព នៅទូទាំង ប្រទេស ចំនួន ៥ឆ្នាំជាប់គ្នាក៏ដោយ។
ឯកឧត្តម អភិបាលខេត្ត បានលើកឡើងដូច្នេះ នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្នុងកម្មវិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនសិក្ខាកាម ក្នុងវគ្គបំប៉នជំនាញការពារថ្នាក់ដឹកនាំ អន្តរាគមន៍ តម្រួតបទបញ្ជា ចរាចរណ៍ សិក្ខាកាមសរុបចំនួន ១១៧នាក់។
ឯកឧត្តម អភិបាលខេត្ត បានថ្លែងបន្តថា ក្នុងឆ្នាំ២០២១កន្លងទៅ ខេត្តកំពង់ចាម ក៏ដូចជាបណ្តារាជធានីខេត្តនានា របស់ព្រះរាជាណាចក្រកម្ពុជា បានប្រឈមនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ប៉ុន្តែថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលនៃស្នងការនគរបាលខេត្តទាំងអស់ បានដើរតួរយ៉ាងសំខាន់ និងបានចូលរួមយ៉ាងស្រស្រាក់ស្រស្រាំងជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាមួយរដ្ឋបាលខេត្តកំពង់ចាម ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាមប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតទទួលបានជោគជ័យ។
ក្នុងអំឡុងពេលនៃការឆ្លងរីករាលនៃជំងឺកូវីដ-១៩ កន្លងទៅ មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានចូលរួមយ៉ាងសកម្មជាមួយនឹងរដ្ឋបាលខេត្ត អនុវត្តទៅតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងបានចូលរួមក្នុងការផ្សព្វផ្សាយ បញ្ជ្រាបវិធានសុខាភិបាល រួមនឹងវិធានការរដ្ឋបាលនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្ត ដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់ក្នុងមូលដ្ឋាន ដែលជាការចូលរួមចំណែកយ៉ាងសកម្មរបស់មន្ត្រីនគរបាល។
ទន្ទឺមនឹងលទ្ធផលជោគជ័យដែលថ្នាក់ដឹកនាំ មន្ត្រីនគរបាលយើងបានអនុវត្តប្រកបដោយជោគជ័យ និងស្មារតីទទួលខុសត្រូវ ស្វាម៉ីភ័ក្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមឆ្លៀតយកឱកាសនេះ ផ្តល់ជាអនុសាសន៍បន្ថែមជូដល់ថ្នាក់ដឹកនាំ មន្ត្រីនគរបាលទាំងអស់ ដូចខាងក្រោម៖
• ត្រូវបង្កើនការអភិវឌ្ឈចំណេះដឹង តាមរយៈបន្តការបើកវគ្គបំប៉ន ដល់កងកម្លាំងនគរបាល តាមការបើកវគ្គខ្លី ដូចជាបានធ្វើក្នុងពិធីនាថ្ងៃនេះស្រាប់បន្ថែមទៀត
• បន្តអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់
• បន្តអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងទប់ស្កាត់កុំឲ្យមានបទល្មើសតាមផ្លូវទឹក
• ទប់ស្កាត់អំពើជួញដូរមនុស្ស ពេស្យាចារការរំលោភបំពានលើកុមារគ្រប់រូបភាព ពិសេសអំពើរំលោភ
• ទប់ស្កាត់អំពើលួចឆក់គ្រប់ប្រភេទ
• ទប់ស្កាត់ឲ្យបានកុំឲ្យមានប៉ុស្ដិ៍អនាធិបតេយ្យ
• កម្លាំងនគរបាលអគ្គិភ័យ ត្រូវមានបម្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច និងត្រៀមលក្ខណសម្បត្តិទុកជាមុនដើម្បីចេញអន្តរាគមន៍បានទាន់ពេលវេលា ក្នុងពេលមានគ្រោះអគ្គិភ័យកើតឡើង ពិសេសពេលនេះ ដែលស្ថិតនៅក្នុងរដូវប្រាំង ពិសេសត្រូវក្ដាប់ពីប្រភពទឹក ដើម្បីងាយស្រួលពេលប្រតិបត្តិការជួយប្រជាពលរដ្ឋ
• កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល ត្រូវបន្តចូលរួមជាមួយមន្ទីរសុខាភិបាល ផ្សព្វផ្សាយ និងអប់រំដល់ប្រជាពលរដ្ឋនៅមូលដ្ឋានឃុំ/សង្កាត់ ពីវិធានសុខាភិបាល ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ពិសេសប្រភេទដែលតា និងអូមីក្រុង
• ទប់ស្កាត់ការបង្កអុកឡុក និងបំពុលសង្គម ពីសំណាក់ពួកឧទ្ទាមក្រៅច្បាប់
• ជាពិសេស ជាកងកម្លាំងត្រូវប្ដេជ្ញាចិត្ត ដោយមោះមុតក្នុងការការពារ និងថែរក្សារាជរដ្ឋាភិបាលស្របច្បាប់របស់យើង៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម