13/01/22 09:26 AM
បាត់ដំបង៖ នៅក្នុងឱកាសដឹកនាំមន្ត្រីជំនាញតាមមន្ទីរវិស័យក្នុងខេត្តបាត់ដំបង ដើម្បីចុះពិនិត្យលើដំណើរការជួសជុលផ្លូវក្រាលកៅស៊ូ១ខ្សែ មានប្រវែង ៤,៦០០ម៉ែត្រ និងទទឹង៧ម៉ែត្រ ជាប្រភេទ DBST ស្ថិតក្នុងភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។ អភិបាលខេត្តបាត់ដំបង ឯកឧត្ដម សុខ លូ បានធ្វើការអំពាវនាវហើយអំពាវនាវទៀតទៅដល់ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានតាមដងផ្លូវ មិនត្រូវសាងសង់សំណង់ផ្សេងៗទៀតដែលនាំដល់ការរំលោភយកដីចំណីផ្លូវធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ហើយបង្កនូវផលប៉ះពាល់ដល់សុវត្ថិភាពចរាចរណ៍ និងសោភ័ណភាពផ្លូវសាធារណៈ ដែលទាំងនេះគឺបានជះឥទ្ធិពលជាបច្ច័យអាក្រក់បង្កឱ្យកើតមានឡើងនូវគ្រោះថ្នាក់ចរាចរណ៍ ដែលមានការធ្វើចរាចរណ៍រាល់ថ្ងៃ ។
ក្នុងនោះឯកឧត្ដម សុខ លូ ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន និងក្រុមការងារបច្ចេកទេស ដែលបានបរិច្ចាក ក្នុងការរំកិលព្រំដីឬបង្គោលរបង ដើម្បីធ្វើឲ្យផ្លូវមានសភាពកាន់តែទូលាយជាងមុន និងកាន់តែមានសោភ័ណភាពស្រស់បំព្រងថែមទៀត។
ឯកឧត្ដមអភិបាលខេត្តបាត់ដំបង បានណែនាំបន្ថែមដល់ប្រជាពលរដ្ឋ សូមជួយថែរក្សាផ្លូវមួយខ្សែនេះ ដោយមិនត្រូវដឹកជញ្ជូនលើសទម្ងន់ខុសការកំណត់ជាដើម ដើម្បីឲ្យផ្លូវមួយខ្សែនេះអាចប្រើប្រាស់បានយូរអង្វែង ។
ឯកឧត្ដម បានក្រើនរំលឹកដល់ក្រុមការងារបច្ចេកទេសជួសជុលកែលម្អផ្លូវ ឲ្យយកចិត្តទុកដាក់ ក្នុងការស្ថាបនាផ្លូវឲ្យបានត្រឹមត្រូវទៅតាមបទដ្ឋាន បច្ចេកទេស ដើម្បីឲ្យផ្លូវមានគុណភាពល្អ ។
ឯកឧត្ដម ខាន់ ម៉ាណេរ រដ្ឋលេខាធិកាក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង បានចុះពិនិត្យអគារសិក្សា១ខ្នង នៅសាលាបឋមសិក្សាបញ្ញា ស្ថិតក្នុងភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ដែលមានសភាពចាស់ទ្រុឌទ្រោមខ្លាំង។ បន្ទាប់ពីបានពិនិត្យលក្ខណៈបច្ចេកទេសរួចមក ឃើញថាអគារសិក្សានេះ គឺមិនអាចជួសជុលបានទេ ក្នុងនោះដោយយោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចបានសម្រេចឱ្យធ្វើការសាងសង់ថ្មី តែម្តង ដើម្បីដាក់ឱ្យសិស្សានុសិស្សអាចចូលសិក្សារៀនសូត្របានឡើងវិញ និងធានានូវសុវត្ថិភាពផងដែរ ៕