13/01/22 09:34 AM
បាត់ដំបង៖ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយស្រុកបាណន់ បានបញ្ជាក់ថា យុវជនត្រូវតែមានធនធានមនុស្សជាមុនទើបជាជំហរដ៏រឹងមាំរបស់ប្រទេសជាតិ ក្នុងនោះលោកបានបន្តការលើកទឹកចិត្តដល់យុវជន ត្រូវរៀនយកចំណេះដឹង និងជំនាញពិតប្រាកដទាំងនោះដើម្បីចូលរួមចំណែកដល់កិច្ចអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យឱ្យកាន់តែមានការរីកចម្រើន ។
ឯកឧត្ដម សុខ ផល បានថ្លែងបែបនេះ នៅក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា ដែលជានិស្សិតអាហារូបករណ៍របស់សម្តេចក្រឡាហោម ស ខេង ចំនួន២៥៤ នាក់ថ្មី ក្នុងស្រុកបាណន់ ដែលពិធីនេះធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកបាណន់ ខេត្តបាត់ដំបង ដើម្បីផ្តល់ឱកាសដល់យុវជន បានចូលរួមកសាងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ស្រុកបាណន់ ខេត្តបាត់ដំបង។
ឯកឧត្ដមបានលើកឡើងទៀតថា ឈរលើសក្តានុពលដ៏ខ្លាំងក្លារបស់យុវជននេះហើយ ទើបរាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជា បានយកចិត្តទុកដាក់ចំពោះយុវជន គ្រប់ស្រទាប់វណ្ណៈ និងនៅគ្រប់មជ្ឈដ្ឋាននានា ដើម្បីផ្តល់ឱកាសដល់យុវជនបានចូលរួមគ្រប់សកម្មភាពផ្សេងៗក្នុងការបម្រើសង្គមជាតិ ជាពិសេសការបម្រើប្រជាពលរដ្ឋនៅតាមសហគមន៍នានាបានគ្រប់ជ្រុងជ្រោយ តាំងពីទីប្រជុំជនរហូតដល់តំបន់ជនបទ។
ឯកឧត្ដមសន្ដិបណ្ឌិតសុខ ផល បានបន្តទៀតថា ដើម្បីប្រែក្លាយកម្លាំងយុវជនឱ្យកាន់តែមានសក្តានុពលក្នុងការរួមចំណែកអភិវឌ្ឍន៍ជាតិ សម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តបាត់ដំបង បានផ្តល់អារូបករណ៍ជាបន្តបន្ទាប់ដល់សិស្ស និស្សិត នៅស្រុកបាណន់ តាមរយៈក្រុមការងារស្រុក ឃុំ ភូមិ នៃស្រុកបាណន់ ក្នុងការសិក្សារៀនសូត្របណ្តុះបណ្តាលនូវធនធានមនុស្សក្នុងស្រុកបាណន់ ឱ្យកាន់តែមានចំនួនច្រើន។
ឯកឧត្ដមបានក្រើនរំលឹកដល់ក្រុមយុវជនទាំងអស់ថា អ្វីដែលសម្តេចក្រឡាហោម ស ខេង ក៏ដូចជាក្រុមការងារចុះជួយស្រុកបាណន់ ចង់បានមកវិញនោះ គឺសូមឱ្យក្មួយៗត្រូវតែខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការរៀន និងរៀនឱ្យចប់ចុងចប់ដើម និងមិនត្រូវបោះបង់ការសិក្សាឡើយ ដើម្បីសម្រួចឆន្ទៈនិងចំណេះដឹង ក៏ដូចជំនាញវិជ្ជាជីវៈផ្សេងៗ ប្រកបដោយគុណភាព ពិសេសត្រូវស្វះស្វែងរកការសិក្សាភាសាបរទេសឱ្យបានច្រើន យ៉ាងតិច២ភាសា ក្រៅពីភាសាកំណើតរបស់ខ្លួន ដើម្បីចូលរួមប្រកួតប្រជែងស្វែងរកការងារធ្វើជាមួយយុវជននៅបណ្តាប្រទេសក្នុងតំបន់ និងនៅលើសកលលោកផងដែរ។
បន្ទាប់មក ឯកឧត្ដមនិងក្រុមការងារ រួមជាមួយរដ្ឋបាលខេត្ត ដឹកនាំដោយឯកឧត្តមសុខ លូ អភិបាលខេត្តបាត់ដំបង ចុះពិនិត្យអគារសិក្សាមួយខ្នងស្ថិតក្នុងវិទ្យាល័យកន្ទឺ២ ស ខេង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង តាមរយៈក្រុមការងារចុះជួយស្រុកបាណន់ ដើម្បីជាការឆ្លើយតបតាមសំណូមពរ តម្រូវការ និងកង្វះខាតអគារសិក្សានាពេលកន្លងមករបស់ក្មួយៗសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងមាតាបិតាសិស្ស ដើម្បីឱ្យការបង្រៀន និងការរៀនមានភាពងាយស្រួលនិងល្អប្រសើរឡើងវិញ ដើម្បីការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងស្រុកបាណន់ ក៏ដូចជាប្រទេសជាតិយើង កាន់តែសំបូរបែប៕