វេទិកាទេសចរណ៍អាស៊ាន ជាឱកាសផ្សព្វផ្សាយ «កម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព» និងប្រកាសបើកទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញ


ត្រលប់ក្រោយ

13/01/22 10:52 AM

ចំនួនទស្សនា៖

226

ប្រភព៖

ព្រះសីហនុ

(ព្រះសីហនុ)៖ វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការប្រកាសបើកគោលដៅទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញជាផ្លូវការ បន្ទាប់ពីរងការរំខានដោយសារការរីករាលដាលជំងឺកូវីដ១៩អស់ពេលជាង២ឆ្នាំមកនេះ ខណៈព្រឹត្តិការណ៍អន្តរជាតិនេះនឹងជួយផ្សព្វផ្សាយពីប្រទេសកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាពមួយក្នុងតំបន់អាស៊ាន។ 


គួរជម្រាបថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) ដែលនឹងត្រូវរៀបចំចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ពិធីបើកជាផ្លូវការនៃវេទិកាទេសចរណ៍នេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។


នៅសល់រយៈពេលតែ៤ថ្ងៃទៀតតែប៉ុណ្ណោះ វេទិកាទេសចរណ៍អាស៊ានលើកទី៤០នឹងឈានមកដល់ហើយ ខណៈថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអាជ្ញាធរដែលពាក់ព័ន្ធក៏បានត្រៀមការរៀបចំព្រឹត្តិការណ៍នេះស្ទើរតែរួចរាល់១០០%ហើយ ទោះបីមានការរំខានពីបញ្ហាកូវីដបំប្លែងថ្មី «អូមីក្រុង» នៅក្នុងសហគមន៍ខ្លះៗយ៉ាងណាក៏ដោយ។ ជាក់ស្ដែង នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្ដម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំបូកសរុបការងារដែលនៅសេសសល់ចុងក្រោយសម្រាប់រៀបចំ ATF 2022 នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ-មន្ត្រីរាជការនៃរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ កម្លាំងសមត្ថកិច្ច និងក្រុមការងារជំនាញពាក់ព័ន្ធ ព្រមទាំងក្រុមការងារនៃរដ្ឋបាលខេត្តព្រះសីហនុ។


ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ជូនអង្គប្រជុំថា «វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២នេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការប្រកាសបើកគោលដៅទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញជាផ្លូវការ»។ លោកបានបង្ហាញសុទិដ្ឋិនិយមថា ព្រឹត្តិការណ៍អន្តរជាតិនេះនឹងជួយផ្សព្វផ្សាយពី «ប្រទេសកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាពមួយក្នុងតំបន់អាស៊ាន»។


ឯកឧត្ដមរដ្ឋមន្ត្រីបានលើកឡើងថា ការងារត្រៀមរៀបចំទាំងនេះគឺដើម្បីធ្វើឱ្យព្រឹត្តិការណ៍ប្រព្រឹត្តទៅដោយរលូន មានសុវត្ថិភាព និងអាចឆ្លើយតបបានគ្រប់ស្ថានការណ៍ ជៀសវាងមានបញ្ហាខ្វះចន្លោះរហូតដល់បាត់ម្ចាស់ការណ៍ដោយប្រការណាមួយ។ ម្យ៉ាងទៀត ក៏ដើម្បីជួយឱ្យថ្នាក់ដឹកនាំ គណៈប្រតិភូ និងអ្នកចូលរួមមានសុវត្ថិភាព ដែលអាចជំរុញឱ្យមានការផ្សព្វផ្សាយអំពីប្រទេសកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាពផងដែរ។


ជាការពិតណាស់ ដើម្បីសម្រេចបានគោលដៅទាំងនេះត្រូវមានការរៀបចំកិច្ចការងារចាំបាច់ជាច្រើន ដោយអង្គប្រជុំបានពិភាក្សាលើការធ្វើតេស្តរកមេរោគកូវីដ១៩ ដល់ប្រតិភូអាស៊ាន និងអ្នកចូលរួមជាតិ-អន្តរជាតិទាំងអស់ដែលចូលរួមក្នុងព្រឹត្តិការណ៍វេទិកាទេសចរណ៍អាស៊ាននេះ ដោយនៅមុនពេលធ្វើដំណើរមកប្រទេសកម្ពុជា អ្នកចូលរួមទាំងអស់ត្រូវមានប័ណ្ណ ឬឯកសារបញ្ជាក់ថាបានទទួលការចាក់វ៉ាក់សាំង និងត្រូវធ្វើតេស្ត PCR រយៈពេល៧២ម៉ោងមុនធ្វើដំណើរមកដល់កម្ពុជា។ នៅពេលពួកគេមកដល់ប្រទេសកម្ពុជា ត្រូវទទួលការធ្វើតេស្តដោយមន្ត្រីសុខាភិបាលកម្ពុជានៅអាកាសយានដ្ឋាន។ ម្យ៉ាងទៀត នៅមុនពេលចូលក្នុងសណ្ឋាគារសុខាខេត្តព្រះសីហនុ ដែលជាទីតាំងប្រារព្ធព្រឹត្តិការណ៍វេទិកាទេសចរណ៍អាស៊ាននោះ ក៏ត្រូវទទួលការធ្វើតេស្តបន្តទៀតដែរ។ ត្រង់ចំណុចនេះ អង្គប្រជុំបានឯកភាពថា ប្រសិនបើមានអ្នកវិជ្ជមានកូវីដ-១៩ ក្រុមមន្ត្រីចំពោះកិច្ចនឹងបញ្ជូនឱ្យពួកគេទៅសម្រាកព្យាបាលនៅសណ្ឋាគារក្រវាន់ ដែលមណ្ឌលព្យាបាលជំងឺកូវីដ-១៩នៅរាជធានីភ្នំពេញ ប៉ុន្តែប្រសិនធ្វើតេស្តនៅអាកាសយានដ្ឋានអន្តរជាតិកងកេង គឺត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅផ្នែកដាច់ដោយឡែកមួយនៅសណ្ឋាគារសុខាខេត្តព្រះសីហនុ។ អ្នកដែលធ្វើតេស្តអវិជ្ជមាននឹងទទួលបានប័ណ្ណបញ្ជាក់សម្រាប់ពាក់ជាប់តាមខ្លួន មុននឹងអនុញ្ញាតឱ្យចូលក្នុងទីតាំងរៀបចំកម្មវិធី។


គណៈអធិបតីទាំង៣រូប និងអង្គប្រជុំទាំងមូលបានឯកភាពគ្នាជំរុញការចាក់វ៉ាក់សាំងដូសទី៤ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងក្រុមការងារកម្ពុជាដែលមានកាតព្វកិច្ចរៀបចំវេទិកាទេសចរណ៍អាស៊ាន (សម្រាប់អ្នកដែលដល់ពេលចាក់ដូសទី៤) ដើម្បីពង្រឹងការធានាសុវត្ថិភាពគ្រប់គ្នាក្នុងពេលចូលរួមក្នុងព្រឹត្តិការណ៍ និងក្រោយព្រឹត្តិការណ៍។


អង្គប្រជុំបានពិភាក្សាលើការសម្របសម្រួលលើការងារដឹកជញ្ជូនថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ទាំងជាតិ-អន្តរជាតិពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពីអាកាសយានដ្ឋានអន្តរជាតិកងកេង និងពីច្រកទ្វារព្រំដែនអន្តរជាតិដែលជាប់នឹងប្រទេសជិតខាងមួយចំនួន ព្រមទាំងការរៀបចំទីតាំងស្នាក់នៅ-អាហារ និងកម្មវិធីកម្សាន្តមួយចំនួន។ លើសពីនេះ ក៏មានការពិភាក្សាអំពីការងារត្រួតពិនិត្យ សម្របសម្រួល និងការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនថ្នាក់ដឹកនាំ គណៈប្រតិភូ ក៏ដូចជាកម្មវិធីទាំងមូលផងដែរ។


អង្គប្រជុំបានពិភាក្សាលើការរៀបចំផ្នែកពិធីការនៃកម្មវិធីកិច្ចប្រជុំនីមួយៗ ការរៀបចំខ្លឹមសារផ្សព្វផ្សាយ ការសម្របសម្រួលជាមួយក្រុមការងារផ្សព្វផ្សាយ និងសារព័ត៌មានជាតិ-អន្តរជាតិ និងការត្រៀមធ្វើសន្និសីទសារព័ត៌មានរបស់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ដែលនឹងមានការប្រកាសបើកទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញជាផ្លូវការ។


គួរជម្រាបថា ការងាររៀបំព្រឹតិ្តការណ៍ទាំងមូលសម្រេចបានប្រមាណ៩៥%ហើយ ដោយការរៀបចំទីតាំងសម្រាប់ពិព័រណ៍ទេសចរណ៍ (ស្តង់) កម្មវិធីបើក កម្មវិធីបិទ និងកម្មវិធីពាក់ព័ន្ធផ្សេងៗ ត្រូវបានរៀបចំរួចរាល់ស្របតាមវិធានសុវត្ថិភាព។ លើសពីនេះទៀត រហូតមកដល់ពេលនេះមានការបញ្ជាក់ពីការចូលរួមដោយផ្ទាល់ពីរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន និងមន្រ្តីជាន់ខ្ពស់ពីប្រទេសសមាជិកអាស៊ានទាំង១០ ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា ក្នុងនោះប្រតិភូអន្តរជាតិចូលរួមកិច្ចប្រជុំមានចំនួន១២៣រូប ហើយសម្រាប់ការតាំងពិព័រណ៌ទេសចរណ៍ (TRAVEX) មានអ្នកលក់ (Sellers) សរុបចំនួន១៨៧ស្តង់ អ្នកទិញ (Buyers) ចំនួន៤០ក្រុមហ៊ុន សារព័ត៌មានសរុបចំនួន២០ស្ថាប័ន សរុបភ្ញៀវចូលរួមមានចំនួន៣២២នាក់ មកពីប្រទេសចំនួន២៧។


ឣំឡុងពេលនៃវេទិកាទេសចរណ៍អាស៊ាននេះ ក្រៅពីកិច្ចប្រជុំរបស់ស្ថាប័នទេសចរណ៍ថ្នាក់ជាតិ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន កិច្ចប្រជុំអាស៊ានបូកបី (ជប៉ុន កូរ៉េខាងត្បូង និងចិន) កិច្ចប្រជុំអាស៊ានបូកមួយ (អាស៊ាន-ឥណ្ឌា) កិច្ចប្រជុំអាស៊ាន-រុស្ស៉ី កិច្ចប្រជុំជាមួយអង្គការដៃគូរពាក់ព័ន្ធ ព្រមទាំងកិច្ចប្រជុំជាមួយផ្នែកឯកជន និងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិក៏នឹងមានកម្មវិធីដាំដើមឈើ កម្មវិធីវាយកូនគោលរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន និងដំណើរទស្សនកិច្ចទៅកាន់កោះនានាផងដែរ ដែលជាការបោះជំហានដ៏ធំបង្ហាញពីការត្រៀមរួចរាល់របស់កម្ពុជា និងអាស៊ានទាំងមូលក្នុងការបើកទេសចរណ៍អន្តរជាតិឡើងវិញ៕




dd
Bottom Ad