14/01/22 11:56 AM
ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន អំពីការបាញ់កាំជ្រួចអបអរសាទរនូវការបើកយុទ្ធនាការទេសចរណ៍អាស៊ានឆ្នាំ ២០២២។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២២ នេះ ដែលអង្គភាពយើងទទួលបាន។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមឲ្យក្រសួងទេសចរណ៍ រៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី ៤០ ឆ្នាំ២០២២ ដែលរួមមានកិច្ចប្រជុំស្ថាប័នទេសចរណ៍ជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាននិងការតាំងពិព័រទេសចរណ៍ នៅខេត្តព្រះសីហនុ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២២ ខែមករាឆ្នាំ ២០២២ ខាងមុខនេះ។
នៅក្នុងពិធីដ៏អស្ចារ្យនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកវេទិកាទេសចរណ៍អាស៊ាន ២០២២ ហើយក៏មានការអញ្ជើញចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាល សមាជិកព្រឹទ្ធសភា-រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាអង្គការ ទូតនានា និងរដ្ឋមន្ត្រីទេសចរណ៍អាស៊ានថ្នាក់ដឹកនាំជាន់ខ្ពស់គ្រប់ស្ថាប័នទេសចរណ៍អាស៊ានព្រមទាំងក្រុមហ៊ុនជាតិ និងអន្តរជាតិ។
គួរបញ្ជាក់ផងដែរថា នៅក្នុងការរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២២ រដ្ឋបាលខេត្តព្រះសីហនុនឹងរៀបចំពិធីបាញ់កាំជ្រួចចំនួនពីរលើក គឺនៅយប់ថ្ងៃទី ១៨-១៩ ខែមករា ឆ្នាំ ២០២២នេះតែម្តង៕ អត្ថបទ: ប្រសិទ្ធ