17/01/22 10:39 AM
ស្វាយរៀង៖ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឃន៍ជនបទ ឯកឧត្តម ថោង ពោជ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទថ្នាក់ខេត្ត ( PWG-RWSSH ) កាលពីថ្ងៃ១៤ ខែមករា ឆ្នាំ២០២២ បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២ របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទថ្នាក់ខេត្ត ( PWG-RWSSH ) និងប្រកាសលទ្ធផលពិនិត្យផ្ទៀងផ្ទាត់ ODF ( ការឈប់បន្ទោរបង់ពាសវាលពាសកាល ) ខេត្តស្វាយរៀង ដោយគណកម្មការថ្នាក់ជាតិ នៅសាលប្រជុំមន្ទីរអគារ " ខ " សាលាខេត្តស្វាយរៀង។
ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត បានថ្លែងនូវការចូលរួមអបអរសាទរយ៉ាងក្រៃលែងចំពោះលទ្ធផលជោគជ័យដ៏ធំធេងដែលក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ទទួលបានជាផ្លែផ្កាលើការផ្គត់ផ្គង់ទឹក ការសំអាតនិងអនាម័យជនបទរនាពេលកន្លងមកនេះ។ ហើយការប្រជុំបូកសរុបនេះគឺមានគោលបំណងដើម្បីបង្ហាញពីវឌ្ឍនភាពការងារផ្គត់ផ្គង់ទឹក ការសំអាតនិងអនាម័យជនបទប្រចាំឆ្នាំ២០២១ និងទិសដៅឆ្នាំ២០២២ ដែលអនុវត្តដោយ PWG-RWSSH ខេត្តស្វាយរៀង។
ឯកឧត្តម អភិបាលរងខេត្ត បានបញ្ជាក់ថា ចំពោះលទ្ធផលសំរេចបានគិតត្រឹមត្រីមាសទី៤ ឆ្នាំ២០២១ ចំពោះការផ្គត់ផ្គង់ទឹកជនបទគឺ អត្រាប្រជាពលរដ្ឋមានប្រភពទឹកប្រើប្រាស់ចំនួន ៩៩.៤% ក្នុងនោះអត្រាប្រជាពលរដ្ឋប្រើប្រាស់ទឹកក្នុងសុវត្ថិភាពចំនួន ៨៧.៤% ចំណែកអនាម័យកម្រិតមូលដ្ឋានគឺសម្រេចបាន១០០% ខេត្តស្វាយរៀង បានសម្រេច ODF កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ពោលគឺប្រជាពលរដ្ឋក្នុងខេត្តបានបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលទាំងស្រុងហើយ។
ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត បានថ្លែងនូវការកោតសរសើរអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តស្វាយរៀង និងមន្ត្រីមន្ទីរជំនាញមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត រួមនិងអង្គការសង្គមស៊ីវិលនានា ដែលបានខិតខំពន្លឿនការអនុវត្តវិស័យផ្គគ់ផ្គង់ទឹក ការសំអាតនិងអនាម័យជនបទក្នុងខេត្តស្វាយរៀង ទទួលបានលទ្ធផលល្អប្រសើរដែលជាការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ឯកឧត្តមរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទក្នុងនាមគណៈកម្មការជាតិបានប្រកាសសម្រេចODF នៅទូទាំងខេត្តស្វាយរៀង ចាប់ពីពេលនេះតទៅ។ ព្រមទាំងបានសំណូមពរដល់អាជ្ញាធរខេត្ត ក្រុង-ស្រុក ជាមួយនឹងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អង្គភាពពាក់ព័ន្ធនានារួមនិងអង្គការដៃគូអភិវឌ្ឍន៍ក្នុងខេត្តស្វាយរៀង បន្តអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យធ្វើអនាម័យ របៀបរស់នៅថ្មីក្នុងបរិបទកូវីដ-១៩៕