18/01/22 11:06 AM
សម្រួលផ្សាយ៖SR276
ព្រះសីហនុ៖ នៅរសៀលថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) ដែលជាវេទិកាដ៏មានសារៈសំខាន់ជំរុញផ្សព្វផ្សាយវិស័យទេសចរណ៍របស់ប្រទេសទាំង១០ ដែលជាសមាជិកអាស៊ាន ដែលរៀបចំធ្វើឡើងនៅក្រុងព្រះសីហនុ។
វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ ដែលរៀបចំឡើងនៅកម្ពុជា គឺជាការបង្ហាញឱ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក៏ដូចជាប្រទេសសមាជិកអាស៊ានដទៃទៀត ក្នុងការធ្វើឱ្យវិស័យទេសចរណ៍មានដង្ហើមឡើងវិញ ក្រោយរងការវាយប្រហារយ៉ាងខ្លាំងពីវិបត្តិជំងឺកូវីដ១៩ រយៈពេលប្រមាណ២ឆ្នាំកន្លងទៅនេះ។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញក្តីសង្ឃឹមរ ថា វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២នេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការប្រកាសបើកគោលដៅទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញជាផ្លូវការ។ លោកបានបង្ហាញសុទិដ្ឋិនិយមថា ព្រឹត្តិការណ៍អន្តរជាតិនេះនឹងជួយផ្សព្វផ្សាយពីប្រទេសកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាពមួយក្នុងតំបន់អាស៊ាន។
វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ត្រូវរៀបចំចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២។ ការសម្រេចរៀបចំវេទិកាទេសចរណ៍អាស៊ាន២០២២ ដោយផ្ទាល់លើកនេះ ឈរលើមូលដ្ឋាននៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ, ភាពស៊ាំសហគមន៍, ប្រសិទ្ធភាពនៃការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩, ការអនុវត្តវិធាន S.O.P. ក៏ដូចជាយុទ្ធសាស្ត្រស្តីពីការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទជំងឺកូវីដ-១៩។ កត្តាទាំងនេះ ចូលរួមផ្តល់ភាពជឿជាក់ដល់ប្រតិភូជាតិ និងអន្តរជាតិ ព្រមទាំងអាចចូលរួមផ្សព្វផ្សាយកម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ចាប់ពីឆ្នាំ២០២២ ៕